ព័ត៌មានជាតិ

NATO ច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ជុំវិញផែនការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ នៅអឺរ៉ុប

(ព្រុចសែល)៖ អង្គការ NATO មិនមានផែនការក្នុងការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យមនៅក្នុងតំបន់អឺរ៉ុបនោះឡើយ ដែលនេះជាការច្រានចោលការចោទប្រកាន់របស់ទីក្រុងម៉ូស្គូ ហើយអំពាវនាឱ្យរុស្ស៊ីបញ្ឈប់ដាក់ពង្រាយអាវុធប្រភេទនេះដូចគ្នា។

ការអះអាងខាងលើរបស់អង្គការ NATO ធ្វើឡើងបន្ទាប់រុស្ស៊ីបានព្រមានថាខ្លួននឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅតំបន់អឺរ៉ុប ប្រសិនបើអង្គការ NATO មានផែនការធ្វើដូច្នេះដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងព្រុចសែល នៅថ្ងៃអង្គារសប្តាហ៍នេះ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយថារុស្ស៊ីទៅវិញទេដែលជាអ្នករំលោភបំពានសន្ធិសញ្ញា INF នាប៉ុន្មានឆ្នាំមកនេះតាមរយៈការដាក់ពង្រាយគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ដែលអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរថ្មីៗ នៅតំបន់អឺរ៉ុប។ តែទោះជាបែបនេះក្ដី លោកបានបញ្ជាក់ថា NATO មិនមានផែនការក្នុងការដាក់ពង្រាយ មីស៊ីលនុយក្លេអ៊ែរនោះទេ។

បើតាមលោក Jens Stoltenberg សន្ធិសញ្ញា INF បានហាមឃាត់វត្តមានមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យម (៥០០ – ៥,៥០០គីឡូម៉ែត្រ) នៅក្នុងតំបន់អឺរ៉ុប៕

ប្រភព៖​​​​​​AFP

 

មតិយោបល់