(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃសុក្រនេះបានឱ្យដឹងថាមនុស្សយ៉ាងហោចម្នាក់បានស្លាប់ ដោយសារខ្យល់ព្យុះទីហ្វុង Rai ដែលបានបង្កឱ្យ មានគ្រោះទឹកជំនន់ជន់លិចភូមិជាច្រើននៅតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេស។
ព្យុះទីហ្វុង Rai បានក្លាយជាកំពូលព្យុះ ទីហ្វុង «super typhoon» នៅពេលវាបក់បោកវាយប្រហារលើកោះ Siargao កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ ១៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយរហូតមកដល់ថ្ងៃសុក្រនេះ ទើបល្បឿនខ្យល់របស់វាថយមកនៅត្រឹម ១៥៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។
បើតាមអាជ្ញាធរហ្វីលីពីន មនុស្សដល់ទៅច្រើនជាង ៣០០,០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព រីឯមនុស្សម្នាក់បានស្លាប់ និង២នាក់ ទៀតរងរបួស ដោយសារព្យុះមួយនេះដែលបានបង្កការខូចខាត ព្រមទាំងធ្វើឱ្យប្រជាជននៅតាមតំបន់ជាច្រើនក្នុងប្រទេសហ្វីលីពីន គ្មានអគ្គីសនីប្រើប្រាស់។
ព្យុះទីហ្វុង Rai ត្រូវបានគេរំពឹងថានឹងបក់បោកចេញពីតំបន់ Visayas ឆ្ពោះទៅកាន់តំបន់ Palawan របស់ហ្វីលីពីននៅថ្ងៃសុក្រនេះ មុននឹងវាឆ្ពោះ ទៅកាន់តំបន់សមុទ្រចិនខាងត្បូង និងតម្រង់ទៅរកវៀតណាមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
ហ្វីលីពីនគឺជាប្រទេសមួយដែលតែងតែរងគ្រោះជាញឹកញប់ ដោយខ្យល់ព្យុះដោយក្នុងមួយឆ្នាំៗ មានព្យុះយ៉ាងហោចចំនួន២០ វាយប្រហារលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕
ប្រភព៖ AFP
មតិយោបល់