ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា បានជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រី នាពេលអនាគត

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់ខ្លួន ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សនេះ សម្រាប់ថ្ងៃអនាគត រួមទាំងមានរបៀបវារ:មួយចំនួនទៀត។

សន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤៣ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍ សមាជិកគណ:កម្មាធិការកណ្តាល រួមទាំងតំណាងថ្នាក់ដឹកនាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ។

តាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បានឲ្យដឹងថា គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជ្រើសតាំងជាបេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណ:អចិន្រ្តៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជានាយករដ្ឋមន្ត្រី នាពេលអនាគត។

ដោយឡែកសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលសម្តេច និងលោកជំទាវ ជាសមាជិកគណ:អចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ផងដែរនោះ ត្រូវបានសន្និបាតគណ:កម្មាធិការកណ្តាលគណបក្ស បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ៕

 

ប្រភព៖​​​​​​ AKP

 

មតិយោបល់