ព័ត៌មានជាតិ

បារាំង មើលឃើញការកើនឡើងករណីឆ្លងកូវីដ-១៩ យ៉ាងគំហុក បង្កឡើងដោយ Omicron

(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសបារាំង បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃបំបែកកំណត់ត្រាថ្មីមួយដល់ទៅជិត ១០០,០០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ពេញមួយថ្ងៃសុក្រសប្ដាហ៍នេះ អ្នកឆ្លង COVID-19 ចំនួន ៩៤,១២៤នាក់ ត្រូវបានរាយការណ៍ ហើយក្នុងរយៈពេលដូចគ្នាអ្នកជំងឺ ១៦៧នាក់ក៏ត្រូវបានទទួលស្គាល់ថាបាន ស្លាប់ផងដែរ។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ម៉ាក្រុង នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះជាមួយការរំពឹងថាអាចនឹងមានការប្រកាសពី ការដាក់ចេញវិធានការរឹតត្បិតឡើងវិញ ។

ការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសបារាំងមានជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី Omicron ដែលគេព្យាករថាអាចនឹងរ៉ាប់រងករណីឆ្លង ទាំងអស់នៅដើមឆ្នាំ២០២២ខាងមុខនេះ។

បច្ចុប្បន្ន បារាំងឈរនៅលេខរៀងទី៧ ក្នុងនាមជាប្រទេសមានអត្រាអ្នកឆ្លង COVID-19 ខ្ពស់នៅលើពិភពលោក ដោយមានអ្នកឆ្លងជាង ៨.៩៨លាននាក់ ក្នុងនោះស្លាប់ ១២២,៤៦២នាក់៕

ប្រភព៖​ Reuters

មតិយោបល់