(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួនជាង ៧៨៣,០០០ដូស ដែលជាជំនួយរបស់អូស្ត្រាលី ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជានៅល្ងាចថ្ងៃនេះ។
វ៉ាក់សាំងប្រភេទ Pfizers ចំនួន ៧៨៣,០០០ដូស ត្រូវបានប្រគល់មកឱ្យរាជរដ្ឋាភិបាលកម្ពុជានៅល្ងាចនេះផងដែរ នៅក្នុងពិធីប្រគល់-ទទួលមួយក្រោមអធិបតីភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
អូស្ត្រាលីបានផ្ដល់វ៉ាក់សាំងប្រភេទ Pfizer រហូតដល់ ២,៣៥០,៥៣០ដូសមកដល់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែ ចំនួនវ៉ាក់សាំងជាង ១.៥លានដូសទៀត នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូខាងមុខនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់កម្ពុជា។
ចំណែកឯតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺជាផ្នែកមួយនៃការជួយគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីមកដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃមេរោគកូវីដ-១៩៕



មតិយោបល់