ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! ព្រូស សាកកម្លាំងជាមួយលិចស៊ីស RX300 ត្រូវប៉ូលិសស្ទូចចូលប៉ុស្តិ៍

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង បើកបរចំពេលមេឃកំពុងភ្លៀង បានទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង មិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សារ៧មករា តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

សមត្ថកិច្ច បានឲ្យដឹងថា អំទ្បុងពេលមេឃកំពុងភ្លៀង គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AW-4738 ធ្វើដំណើរពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ២៨៩ ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចអស់មួយកង់។ ដោយរថយន្តមិនទាន់អស់ល្បឿន ក៏ខ្ទាតទៅខាងស្តាំបុកនឹងរថយន្តមួយគ្រឿងទៀត ម៉ាកលិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-6830 កំពុងឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតក្រពឹត និងបែកកង់។ ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹតកាងផ្នែកខាងមុខទាំងសងខាង និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង សំណាងល្អមិនមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែងស្ទូចយករថយន្តបង្ក និងរថយន្តរងគ្រោះទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់