ព័ត៌មានជាតិ

និយតករអាមេរិកថាឧបករណ៍ធ្វើតេស្ដរហ័សរកកូវីដ-១៩ អាចចេញលទ្ធផល «អវិជ្ជមានខុស» ចំពោះ Omicron

(វ៉ាស៊ីនតោន)៖ ឧបករណ៍ធ្វើតេស្ដរហ័សរក COVID-19 នៅតាមផ្ទះទំនងជាអាចចេញលទ្ធផល «អវិជ្ជមានខុស» ចំពោះមេរោគបំប្លែងថ្មី Omicron បើធៀបទៅនឹង មេរោគបំប្លែងថ្មីមុនៗ។ នេះបើតាមទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA)។

ការបញ្ជាក់ខាងលើរបស់ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ និងចំពេលសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការកើនឡើងករណីឆ្លងប្រចាំថ្ងៃបង្កឡើងដោយ Omicron និងការខ្វះខាតឧបករណ៍ធ្វើតេស្ដរហ័ស ខណៈតម្រូវការកើនឡើង។

ក៏ប៉ុន្តែទីភ្នាក់ងារមួយនេះ បានអះអាងថាខ្លួននឹងបន្តអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្ដរហ័សដដែល ហើយបានផ្ដល់អនុសាសន៍ឱ្យ អ្នកប្រើប្រាស់គោរពតាមបទដ្ឋាន និងការណែនាំពីការប្រើឧបរកណ៍នេះឱ្យបានត្រឹមត្រូវ។ FDA កំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិសុខាភិបាល (NIH) ដើម្បីសិក្សាបន្ថែមលើឧបករណ៍ ធ្វើតេស្ដរហ័សរក COVID-19 លើអ្នកជំងឺដែលបានឆ្លងមេរោគបំប្លែងថ្មី Omicron។

បើតាម FDA ក្នុងករណីខ្លះគឺតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើតេស្ដយ៉ាងហោច ២ដង ដើម្បីកំណត់ពីភាពប្រាកដប្រជាថា តើលទ្ធផលអវិជ្ជមាន ឬក៏វិជ្ជមាន៕

ប្រភព៖ AFP

 

មតិយោបល់