សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ញ៉ម អាន ភេទប្រុស អាយុ៣៧ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ វ៉ាំង សុខហេង អាយុ២៨ឆ្នាំ។ អ្នកទាំងពីររស់នៅក្នុងភូមិទូលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់បានផឹកស៊ីជុំគ្នានៅផ្ទះរបស់ឈ្មោះ យ៉ែម សរុំ ភេទប្រុសអាយុ៣៩ឆ្នាំ ក្នុងភូមិកើតហេតុខាងលើ។ ពេលកំពុងផឹកស៊ីសប្បាយសុខៗ ស្រាប់តែជនរងគ្រោះនិយាយបង្អាប់ទៅលើជនដៃដល់ថា «បានប្រពន្ធយូរហើយមិនមានកូននឹងគេ ពិតជាអត់កំណើតមែន» ទើបធ្វើឲ្យជនដៃដល់ខឹងទាស់ពាក្យសម្ដីប្រតាយប្រតប់គ្នា ហើយអ្នកផឹកស៊ីជាមួយក៏បានបំបែកចេញពីគ្នា និងទាញម៉ូតូជិះទៅផ្ទះរៀងៗខ្លួន។ បន្ទាប់មកស្រាប់តែជនដៃដល់ជិះម៉ូតូត្រឡប់មកវិញ ជាមួយនឹងកាំបិតតាមកាប់ម៉ូតូជនរងគ្រោះ រួចកាប់ជនរងគ្រោះពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចមុខវត្តទួលរគាំង ក្បែរកន្លែងផឹកស៊ី។
ក្រោយកើតហេតុភ្លាមៗ ជនដៃដល់បានរត់គេចខ្លួនរហូតដល់ខេត្តសៀមរាប ទើបត្រូវបានសមត្ថកិច្ចសមត្ថកិច្ចចាប់ខ្លួន ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់