ព័ត៌មានជាតិ

សមត្ថកិច្ចប្រឆាំងគ្រឿងញៀន កម្ពុជា-ចិន បង្ក្រាបឧក្រិដ្ឋជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ ៩នាក់ និងរឹបអូសគ្រឿងញៀនជិត ៣៥០ គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចប្រឆាំងគ្រឿងញៀន នៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយភាគីចិន និងជំនាញពាក់ព័ន្ធស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ១ក្រុម ចាប់ខ្លួនជនសង្ស័យ ៩នាក់ និងរឹបអូសគ្រឿងញៀនជាង៣០០ គីឡូក្រាម ។

សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់អោយដឹងថា កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧:៥៥នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោក វរ:សេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ. លោក វរ:សេនីយ៍ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ (ក១) ចូលរួមសហការពីកម្លាំងជំនាញ នៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស សមត្ថកិច្ចគយកំពង់ផែព្រះសីហនុ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀនផ្ដើមចេញពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន។

សមត្ថកិច្ចកម្ពុជា ទទួលបានព័ត៌មានជំនាញហើយ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង ៤ខែ ទើបឈានទៅបង្ក្រាបព្រមគ្នានេះ សមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធ នៅឯប្រទេសចិនផងដែរ ។​ចំណែកនៅកម្ពុជាប្រតិបត្តិការ ២គោលដៅផ្សេងគ្នា (នៅចំណុច វីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរី ប៉េង ហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និង នៅចំណុច ភោជនីយដ្ឋាន អីយិនម៉ាថូវ សង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យ៖ ៩នាក់ : ១-ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេក្លោង)។

២-ឈ្មោះ LI YI NAN ភេទប្រុស កើតឆ្នាំ១៩៨៣ ។ ៣-ឈ្មោះ SUN LIANG ភេទប្រុស កើតឆ្នាំ១៩៧៩

៤-ឈ្មោះ SUN HAI TAO ភេទប្រុស កើតឆ្នាំ១៩៨០ ។ ៥-ឈ្មោះ LIU WEI CHENG ភេទប្រុស កើតឆ្នាំ១៩៦៩ ។ ៦-ឈ្មោះ CHEN ZHI QUAN ភេទប្រុស កើតឆ្នាំ១៩៥៥ ។ ៧-ឈ្មោះ WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០ ។៨-ឈ្មោះ WANG YUE ភេទប្រុស កើតឆ្នាំ១៩៨២

៩-ឈ្មោះ ZHU XIAO FEI ភេទប្រុស កើតឆ្នាំ១៩៨២ ។

ចាប់យកវត្ថុតាង :

គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) សរុបរួមទម្ងន់ជាង ៣៤៧ គីឡូក្រាម លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង ៦១កញ្ចប់ធំ , ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង សម្ភារៈវេចខ្ចប់មួយចំនួនទៀត រថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973 ម៉ូតូ មួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946 ទូរស័ព្ទដៃ ចំនួន ១០គ្រឿង និងប្រាក់ ៣០០ ដុល្លារអាមេរិក។

សមត្ថកិច្ចជំនាញបញ្ជាក់ថា ” ក្រុមឧក្រឹដ្ឋជន បានរៀបចំបញ្ជូនបំពង់ដែកមកកម្ពុជា ហើយលួចច្រកគ្រឿងញៀន បំរុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេស ទី៣” ។

ជនសង្ស័យទាំងអស់ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។

ការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែននេះ ដោយអនុវត្តតាមបញ្ជា ឯកឧត្តមនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន

អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ៕

 

ប្រភព៖​​​​​​ Anti-Drug Department

មតិយោបល់