(បាកដាដ)៖ ទីភ្នាក់ងារសន្តិសុខអ៉ីរ៉ាក់ បានឱ្យដឹងថាគ្រាប់រ៉ុក្កែតមួយគ្រាប់ បានធ្លាក់ចំមូលដ្ឋានទ័ពអ៉ីរ៉ាក់មួយកន្លែង ជាទីដែលកងទ័ពអាមេរិកកំពុងឈរជើង ស្ថិតនៅ ក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ។
ទីភ្នាក់ងារសន្តិសុខអ៉ីរ៉ាក់ បានរកឃើញជើងទម្របាញ់គ្រាប់រ៉ុក្កែត និងគ្រាប់រ៉ុក្កែតមួយគ្រាប់ នៅក្នុងស្រុក al-Jihad ស្ថិតនៅភាគខាងលិច ទីក្រុងបាកដាដ។ ប៉ុន្តែ មិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬស្លាប់ ឬក៏ទំហំខូចខាតនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះទេ ហើយក៏មិនទាន់មានក្រុមណាមួយចេញ មុខអះអាងទទួលខុសត្រូវនោះដែរ។
យោធាអាមេរិកកាលពីពេលថ្មីៗនេះបានព្រមានពីការវាយប្រហារលើកងទ័ពអាមេរិកនៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី ដើម្បីជាការសងសឹកឱ្យមេទ័ពកំពូល អ៉ីរ៉ង់ លោក Qassem Soleimani ដែលត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅក្បែរអាកាសយានដ្ឋានទីក្រុងបាកដាដ។ អ៉ីរ៉ង់កាលពី ប៉ុន្មានថ្ងៃមុននេះក៏បានព្រលយពាក្យសងសឹកឱ្យលោក Soleimani ផងដែរ នាឱកាសខួបមរណភាព២ឆ្នាំរបស់លោក៕
ប្រភព៖ AP
មតិយោបល់