កំពង់ស្ពឺ៖ នៅថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និង២៧នាទី នៅលើផ្លូវជាតិលេខ៤៤ (៧២-៧៣) ស្ថិតក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីរថយន្តរបូតកង់រត់ទៅបុកមនុស្សស្លាប់១នាក់ និងរបួសស្រាល១នាក់ ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមាន រថយន្ត០១គ្រឿង ម៉ាកហ៊ីណូ ក្បាលពណ៌ ត្រួយចេកទ្រុងពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-1259 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)បើកបរក្នុងទិសដៅពីកើតទៅលិចលុះបើកដល់ចំណុចកើតហេតុខាងលើក៏បានរបូតកង់ក្រោយរថយន្តខាងឆ្វេង(កង់១គូ)រត់ទៅបុកមនុស្ស២នាក់ ដែលកំពុងអង្គុយលេងខាងមុខផ្ទះ មានឈ្មោះសុខ សឿន ភេទប្រុស អាយុ៧៩ឆ្នាំ(ប្តី) និងឈ្មោះអិន អឿន ភេទស្រី អាយុ៦៥ឆ្នាំ (ប្រពន្ធ) ទាំង០២នាក់ រស់នៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យឈ្មោះ សុច សឿន (ស្លាប់) នៅកន្លែងកើតហេតុ ឈ្មោះ អិន អឿន របួសស្រាល។ បន្ទាប់មកកង់រថយន្តនោះក៏រត់ហួសចូលទៅក្នុងផ្ទះ បណ្តាលឱ្យខូចខាតសម្ភារៈនៅក្នុងផ្ទះរួមមានៈ ទូរទឹកកក០១គ្រឿង, ទូរដាក់គ្រឿងក្រអូប០១ ដែកព្យួរស្បែក១ ទូរប្រេងម៉ាស៊ី០១ ប្រេងម៉ាស៊ីន០៥កេស, ទូរបារី០១ ជញ្ជាំងផ្ទះថ្ម០១ផ្ទាំង និងរថយន្តតាកូម៉ា ខូចខាតចំហៀងខាងក្រោយខាងឆ្វេង(ស្រាល) ចំណែកឯអ្នកបើកបរ និងរថយន្តបង្ករខាងលើក៏បានបើករត់ទៅដល់គីឡូម៉ែត្រ(៦៤-៦៥) ស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចយើងបានចុះទៅត្រួតពិនិត្យ វាស់វែងកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និងចាប់យកវត្ថុតាងរថយន្ត០១គ្រឿង យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕





មតិយោបល់