ព័ត៌មានជាតិ

សហរដ្ឋអាមេរិក៖ បុរសម្នាក់កំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ ក្រោយទទួលការវះកាត់ដាក់ «បេះដូងជ្រូក»

(ឈីកាហ្គូ)៖ បុរសអាមេរិកម្នាក់ ដែលមានបញ្ហាបេះដូង បានទទួលបានការវះកាត់ប្ដូរដាក់បេះដូងជ្រូក និងកំពុងវិវត្តទៅរកស្ថានភាពល្អប្រសើរ ៣ថ្ងៃក្រោយរូបគេ ទទួលការវះកាត់នេះ។

អ្នកជំងឺដែលទទួលការវះកាត់ប្ដូរបេះដូងជ្រូកខាងលើ មានឈ្មោះ David Bennett មានអាយុ៥៧ឆ្នាំ បាននិយាយថាការវះកាត់ដាក់បេះដូងជ្រូកគឺជាជម្រើសចុងក្រោយ របស់លោក ដើម្បីរស់។ «វាការជ្រើសរើសរវាងការស្លាប់ និងការវះកាត់ ប្ដូរអវៈយវៈនេះ។ ខ្ញុំចង់រស់បន្ត ខ្ញុំដឹងថាវាជារឿងប្រថុយ តែវាជាជម្រើសចុងក្រោយ របស់ខ្ញុំ»។ នេះការលើកឡើងរបស់លោក David Bennett មួយថ្ងៃមុននឹងលោកទទួលការវះកាត់។

ការវះកាត់ប្ដូរបេះដូងមនុស្ស ដាក់បេះដូងជ្រូកខាងលើ ធ្វើឡើងដោយវេជ្ជបណ្ឌិតមួយក្រុមមកពីសាកលវិទ្យាល័យ Maryland Medicine ហើយតាមរយៈលទ្ធផលនេះ វាបានបង្ហាញពីលទ្ធភាពអាចទៅរួចក្នុងការវះកាត់ប្ដូរបេះដូងមនុស្ស ដាក់បេះដូងជ្រូក ដើម្បីសង្រ្គោះជីវិតអ្នកជំងឺ។

បើតាមគេហទំព័រ organdonor.gov ប្រជាជនអាមេរិកបច្ចុប្បន្ន ១១០,០០០នាក់ កំពុងរង់ចាំការវះកាត់ប្ដូរអវៈយវៈ និងច្រើនជាង ៦,០០០នាក់បានស្លាប់ ជារៀងរាល់ឆ្នាំ អំឡុងរង់ចាំអ្នកបរិច្ចាគអវៈយវៈសម្រាប់ការវះកាត់។ ការវះកាត់នេះត្រូវបានក្រុមគ្រូពេទ្យអាមេរិកហៅថាជារបកគំហើញមួយ និងជាមធ្យោបាយ ការបន្ថយការខ្វះអវៈយវៈមនុស្សក្នុងការវះកាត់៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់