កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រុឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន (ផ្ញើរតាមក្រុមហ៊ុនដឹកជញ្ជូនវិរៈប៊ុនថាំ)។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បន្ដស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត និងឆែកឆេរផ្ទះរបស់ជនសង្ស័យរកឃើញ គ្រាប់អាវុធវែងចំនួន០៧គ្រាប់។
ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរតាមអនឡាញ (ជាអ្នកមកទទួលគ្រឿងញៀន ផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង)។
២- ឈ្មោះ ម៉ម សាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជាម្ចាស់គ្រឿងញៀន ដែលផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង និងក្រុងប៉ោយប៉ែត)
វត្ថុតាងចាប់យក៖ ក្រាមពណ៌ស ចំនួន០៤កញ្ចប់ធំល្មម, ម្សៅម៉ត់ពណ៌ស ចំនួន០២កញ្ចប់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន២៥០គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតង ចំនួន២០០គ្រាប់, ទូរស័ព្ទចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
មតិយោបល់