ភ្នំពេញៈ នៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកាម៉ារី ហាយប្រ៊ីត ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BL-8470 បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់ រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុនេះ បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះ រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតមួយផ្ទាំង រងការខូចខាត ។ ចំណែកឯរថយន្តដាច់កង់ម្ខាង ទៅមុខ លែងរួច ។ បន្ទាប់ពីកើតហេតុតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់មានប្រភព ណាបញ្ជាក់ប្រាប់ឲ្យដឹងថា មានមនុស្សរងរបួសដែរឬក៏យ៉ាងណានោះទេ ។ ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ សង្ស័យតែតៃ កុងរថយន្តបើកបរក្នុងស្ថានភាពស្រវឹងស្រា ឬមួយក៏បើកគេចរថយន្តគេ ទើបបណ្តាលឲ្យជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ។
នៅក្រោយពេលកើតហេតុ មិនទាន់ឃើញវត្តមានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានចុះទៅពិនិត្យមើលនូវឡើយនោះទេ ។ ប៉ុន្តែក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ក្រុមការងារយើងខ្ញុំមិនទាន់ដឹងថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕
មតិយោបល់