១. ពេលលាងកែវដោយទឹកក្តៅ
កុំចាក់ទឹកក្តៅ ស្រោចពីលើកែវ ឬចាក់ចូលក្នុងកែវ តែត្រូវជ្រលក់កែវ ចូលទៅក្នុងទឹកក្តៅ រួចហើយលាងសម្អាតតាមធម្មតា។ វិធីនេះ នឹងជួយការពារមិនឱ្យកែវប្រេះ ឬងាយបែក។
២. ថូកែវ ដាក់ទឹកដោះគោ មិនគួរលាងនឹងទឹកក្តៅទេ
គួរលាងនឹងទឹកត្រជាក់ ព្រោះកម្ដៅរបស់ទឹក ដែលនៅបៀមជាប់ក្នុងសាច់កែវ នឹងធ្វើឱ្យទឹកដោះគោឡើងស្ងួត ជាហេតុធ្វើឱ្យសាច់កែវ ឡើងស្រអាប់ លែងភ្លឺ។
៣. ពេលលាងសម្អាតឈុតពិសាទឹកតែ ធ្វើពីកែវដ៏ថ្លៃ របស់លោកអ្នក និងឈុតកែវ ដែលស្តើងៗងាយបែក
គួរយកកន្សែងពោះគោ មកក្រាលលើបាត នៃកន្លែងលាងកែវ-ចាន ជាមុនសិន មុននឹងដាក់ចូលលាង លុះពេលលាងរួចហើយ ត្រូវយកកូនកន្សែងជូតកែវ-ចាន មកក្រាលពីលើថាស មុននឹងដាក់ឈុតពិសាទឹកតែដ៏ថ្លៃ និងកែវស្តើងៗទាំងនោះចូលទៅ រួចហើយសឹមយកទៅដាក់ហាល។ ដោយសារវិធីនេះ ឈុតពិសាទឹកតែ និងគ្រឿងកែវតម្លៃថ្លៃរបស់លោកអ្នក នឹងមានសុវត្ថិភាព។
៤. វិធីថែរក្សាឧបករណ៍ធ្វើពីកែវ ឱ្យនៅតែភ្លឺថ្លា និងរលោងចាំងស្អាត
គួរលាងនៅក្នុងទឹកសាប៊ូលាងចាន ដែលលាយទឹកក្តៅឧណ្ហៗ និងថែមទឹកសាជូរ ចូលទៅក្នុងទឹក ដែលលាងសម្អាតជាលើកចុងក្រោយផង។
៥. ស្នាមប្រឡាក់ខ្លាញ់ ឬប្រេង ដែលជាប់ស្អិតណែន នៅលើចានធ្វើពីកែវ
អាចធ្វើឱ្យជ្រះស្អាតបាន ដោយប្រើចំណិតមើមដំឡូងបារាំងស្រស់ ស្តើងៗ យកមកដុសនៅលើស្នាមប្រឡាក់ទាំងនោះ បន្ទាប់មក លាងនឹងទឹកក្តៅឧណ្ហៗ ចានដែលធ្វើពីកែវទាំងនោះ នឹងស្អាត ចាំងភ្លឺរលោង ដូចថ្មីអ៊ីចឹង។
៦. វិធីសម្អាតស្នាមកំណកទឹកតែ ដែលកកជាប់នៅក្នុងបាតកែវ ដែលធន់នឹងកម្ដៅ
ចិតផ្លែក្រូចឆ្មារ ជាចំណិតតូចស្តើងៗ ហើយដាក់ចូលទៅក្នុងកែវទឹកតែ ដែលប្រឡាក់នោះ ជាមួយនឹងទឹកបន្តិច ហើយយកទៅដាក់ដាំនៅលើភ្លើង ទុកឱ្យទឹកនៅក្នុងកែវនោះ ក្តៅមួយសន្ទុះ បន្ទាប់មកលោកអ្នក នឹងនឹកចម្លែកចិត្តមិនខានថា ស្នាមកំណកទឹកតែទាំងនោះ បានរលាយបាត់អស់ ហើយបាតកែវឡើងស្អាតភ្លឺថ្លា ដូចថ្មីអ៊ីចឹងជាមិនខាន។
៧. វិធីលាងសម្អាតស្នាមប្រឡាក់ខាងក្នុងថូផ្កា
យកកាកស្លឹកតែ ឆុងហើយ ដែលលោកអ្នកបានរក្សាទុក មកលាយជាមួយនឹងទឹកសាជូរ ល្មមតែសើមៗ ហើយចាក់ចូលទៅក្នុងថូផ្កានោះ ទុកចោល ១យប់។ ព្រឹកឡើង សឹមលាងសម្អាត ដោយទឹកសាប៊ូលាងចាន លាយជាមួយទឹកក្តៅឧណ្ហៗ រួចលាងនឹងទឹកស្អាតម្តងទៀត ស្នាមប្រឡាក់ទាំងប៉ុន្មាន នឹងរលាយបាត់អស់ជាមិនខាន៕




មតិយោបល់