ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី លើផ្លូវជាតិវាងក្រុងបាត់ដំបង (ហាយវេ) ត្រង់ចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកគ្រឿងចក្រធុនធ្ងន់ ០១គ្រឿង ម៉ាកអ៊ីស៊ូស៊ុយ (ISUZU) ពណ៍ស គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ និងរថយន្តធុនតូច ០១គ្រឿង ម៉ាកកាមរី CAMRY (ឆ្លាម) ពណ៍ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៧ ពាក់ផ្លាកលេខ ភ្នំពេញ 2F-9866 បើកបរដោយជនមិនស្គាល់ឈ្មោះ រួមដំណើរមានគ្នាចំនួន ០៤នាក់ ប្រុស២នាក់ មិនស្គាល់ឈ្មោះនិងទីលំនៅ។
លោកវរសេនីយ៍ទោ សេង លុច ជាអធិការ បានរាយការណ៍អោយដឹងថា ហេតុការណ៍ខាងលើនេះបណ្តាលឱ្យភាគីអ្នកបើកបររថយន្តធុនតូច និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់ចំនួន ០៥នាក់ ស្រី០២នាក់។ ដោយឆ្លងតាមការពិនិត្យកន្លែងកើតហេតុ នគរបាលជំនាញអាចបញ្ជាក់បានថា គ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីរថយន្តធុនធ្ងន់ធ្វើដំណើរពីទិសខាងលិចទៅកើតក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលំលុះពេលមកដល់កន្លែងកើតហេតុផ្លូវប្រសព្វបានបុករថយន្តធុនតូច ដែលធ្វើដំណើរពីទិសខាងជើងទៅត្បូងតាមបណ្តោយផ្លូវជាតិចំផ្នែកខាងស្តាំពេញទំហឹងបណ្តាលឱ្យរថយន្តធុនតូចធ្លាក់ប្រឡាយទឹកចិញ្ជើមផ្លូវខាងកើត ហើយរថយន្តធុនធ្ងន់ចតនៅកន្លែងកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។
ករណីនេះ កម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងកន្លែងកើតហេតុ រួចចាត់បញ្ជូនជនរងគ្រោះតាមរថយន្តនគរបាលទៅមណ្ឌលសុខភាពដើម្បីសម្រាកព្យាបាល និងរង់ចាំចំណាត់ការដោះស្រាយតាមផ្លូវច្បាប់ ៕
មតិយោបល់