ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្រូវចោរឆក់យកកាបូបទៅបាត់ ថែមទាំងដួលរងរបួសដៃម្ខាង

ភ្នំពេញ: ស្ត្រីម្នាក់ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមកក្បែរ ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច បណ្តាលឲ្យស្ត្រីរងគ្រោះដួល ម៉ូតូនិងរងរបួសដៃខាងស្តាំ ព្រមទាំងបាត់បង់ទ្រព្យសម្បត្តិទៀត ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ថ្ងៃត្រង់ទី៨ ខែកុម្ភ: ឆ្នាំ២០១៧ ត្រង់ចំណុចអតីតរង្វង់មូលទួលគោក តាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ អ៊ុ បូរី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីនៅក្រសួងការងារ មានទីលំនៅនៅម្តុំផ្សារទួលសង្កែ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូឌ្រីមសង់សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1GG-9472 បានចាកចេញពីក្រសួងការងារ ត្រឡប់ទៅផ្ទះវិញតាមផ្លូវ២៨៩ ពីត្បូងទៅជើង មកដល់កន្លែងហេតុក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាក Nex ពណ៌ក្រហម មិនចាំស្លាកលេខ បានអែបនិងឆក់កាបូបស្ពាយបានសម្រេច និង បណ្តាលឲ្យដួលរងរបួសដៃស្តាំតែម្តង។

នៅក្នុងកាបូបស្ពាយនោះ មានអត្តសញ្ញាណប័ណ្ណ បណ្ណធានាគារ ឯកសារបង់ថ្លៃសាលាកូនរៀន លិខិតឆ្លងដែន កាតបម្រើការងារជាមន្ត្រីក្រសួងការងារ លុយខ្មែរនិងដុល្លារប្រហែល៤០ដុល្លារ ទូរសព្ទចំនួន២គ្រឿង មានអាយហ្វូន៥ និង ទូរសព្ទសាំសុង ។

តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះជិះម៉ូតូតែម្នាក់ឯងបើកបរពីត្បូងទៅជើង តាមផ្លូវ២៨៩ មកដល់អតីតរង្វង់មូលទួលគោក ស្រាប់តែមានជនសង្ស័យ២នាក់ជិះមកក្បែរហើយធ្វើសកម្មភាពឆក់កាបូបស្ពាយបណ្តាលឲ្យស្ត្រីរងគ្រោះដួលម៉ូតូនៅតាមផ្លូវ បានបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវស្មានតែមានគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះម៉ូតូឬកៀគ្នា ។

ក្រោយពេលកើតហេតុនរគបាលប៉ុស្តិ៍បឹងកក់២ បាននាំស្ត្រីរងគ្រោះទៅព្យាបាលនិងដាក់ពាក្យប្តឹង នៅប៉ុស្ត៏នរគបាលរដ្ឋបាលបឹងកក់២ ៕

មតិយោបល់