ខេត្តព្រះសីហនុ៖ សាកសពស្រ្តីម្នាក់ ត្រូវប្រជាពលរដ្ឋដើរទាក់សត្វពេលយប់ប្រទះឃើញកប់ក្នុងដី លៀនចេញជង្គង់ជើងម្ខាងកណ្តាលវាល។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះ បានកើតមានឡើងនៅម៉ោងប្រមាណ៨យប់ ថ្ងៃទី ២១ ខែមករា នៅចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ខាងជើងផ្លូវជាតិលេខ៤ ចំងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយទទួលបានការប្រទះឃើញសាកសពនេះ នៅម៉ោង៩ព្រឹកថ្ងៃទី២២មករា សម្លាំងសមត្ថកិច្ចជំនាញរួម និងស្ថាប័នពាក់ព័ន្ធបាននាំគ្នាចុះទៅធ្វើការហ៊ុំព័ទ្ធចំណុចកើតហេតុ និងកាយដីយកសាកសពដើម្បីពិនិត្យ។
សមត្ថកិច្ចជំនាញកោសល្យវិច័យ បានឲ្យដឹងថា សភាពសាកសព (មិនស្គាល់អត្តសញ្ញាណ) ភេទស្រី កម្ពស់១,៥៥ម៉ែត្រ អាយុប្រហែល១៥-១៨ឆ្មាំ សម្បុរស សក់ពណ៌ទង់ដែង។
សពខ្លៀកខោខ្លីអាវដៃខ្លីពណ៌ផ្កាឈូក(ខោអាវឈុត) ពាក់ខ្សែកពណ៌ប្រាក់ បណ្តោងហ្គិចពណ៌ខៀវ ម្រាមដៃកណ្តាលខាងឆ្វេង ពាក់ចិញ្ចៀនពណ៌ប្រាក់។
នៅលើខ្លួនមានស្នាមសាក់ស្មាស្តាំ សាក់អក្សរsexy ខ្នងសាក់រូបយ័ន្ត លើស្មាឆ្វេងផ្នែកខាងក្រោយសាក់រូបមេអំបៅ។
សពមានសភាព រលេះរលួយ ដៃជាប់ខ្នោះ បាក់ដើមដៃស្តាំ កំភួនជើង និងភ្លៅស្តាំជាំខ្មៅ លើទ្រូងស្តាំក្រោមក្លៀកដាច់រលាត់ ក្បាលលើត្រចៀកឆ្វេងហើមប៉ោង ធ្លុះក្រោមផ្ចិតផ្នែកខាងឆ្វេង។
បច្ចុប្បន្ន ក្រោយធ្វើកោសល្យវិច័យរួចខាងជំនាញកោសល្យវិច័យបានធ្វើការសន្និដ្ឋានថា ជាករណីវាយ និងចាក់សម្លាប់(ឃាតកម្ម) ។ បន្ទាប់ពីពិនិត្យនៅកន្លែងកើតហេតុរួច សមត្ថកិច្ច បានវិចខ្ចប់សាកសពបានយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បច្ចុប្បន្នក្រុមសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកជនពាក់ព័ន្ធយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់