ព័ត៌មានជាតិ

កសិករនៅត្អូញត្អែរថាស្រូវសែនក្រអូប របស់គាត់លក់មិនចេញ និងមានតម្លៃថោក

បន្ទាយមានជ័យៈ ទោះជាមានការអះអាងពីការខ្នះខ្នែងពីដៃគូក្រុមហ៊ុន និងថា ទម្លាក់ថវិកាពីរដ្ឋដើម្បីជួយទិញស្រូវ ដែលកំពុង កកកុញយ៉ាងណាក្តី ក៏បងប្អូនប្រជាកសិករនៃស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ស្រុកបវេល ខេត្តបាត់ដំបង នៅតែត្អូញត្អែរថា ស្រូវលក់បានទាបជាង ៨៤០រៀលឬ៧បាត ក្នុង១គីឡូក្រាម ហើយទទួលទិញមិនអស់ពិបាក រកទីផ្សារជាពិសេសថ្ងៃបុណ្យភ្ជុំកាន់តែជិតមកដល់ឈ្មួញកាន់តែខ្សត់។

កសិករឈ្មោះ មួន សារូ អាយុ៣៦ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំសឿស្រុកមង្គលបូរី ប្រាប់នៅថ្ងៃទី ២៩ កញ្ញាថា ពួកគាត់នៅតែមានផលវិបាកលក់ ស្រូវ​សែន​ក្រអូបមិនចេញគ្មានទីផ្សារទោះបីជាមានការប្រកាសថា ធនាគារប្រមូលទិញក្នុងតម្លៃមួយគីឡូ៧បាត ឬ៨៤០រៀល។តែជាក់ស្តែងស្រូវពួកគាត់​លក់​បានតែតម្លៃចន្លោះពី៥.៨ទៅ៦.២បាត តែប៉ុណ្ណោះ ហើយតម្លៃនេះទៀតសោតមិនមានឈ្មួញមកទទួលទិញថែមទៀត បើទទួលទិញគឺទិញ​ទៅតាមគុណ​ភាពស្រូវ។

ចំពោះឧកញ៉ាខាងធនាគារស្រូវពិតជាទទួលទិញក្នុងតម្លៃ៧បាតមែន តែការទិញបានតែ២០ទៅ៣០ភាគរយ នៃស្រូវដែលពួកគាត់មានក្នុងមួយគ្រួសារ ហើយដោយឡែក៧០ឬ៨០ភាគរយទៀតពួកគាត់ត្រូវអង្វរក្រុមឈ្មួញឲ្យជួយទិញក្នុងតម្លៃថោកបំផុត។គាត់ថាបើស្រូវ៧០ ឫ៨០ ភាគរយនេះមិនលក់​ក្នុងតម្លៃ​នេះទេ ស្រូវនឹងខូច។

ចំណែកលោកយាយ សិទ្ធិ ណូក អាយុ៧២ឆ្នាំរស់នៅក្នុងភូមិល្វាក្នុងស្រុកបវេល នៃខេត្តបាត់ដំបងក៏បាននិយាយស្រដៀងគ្នាដែរថា តាយាយនិងកូនៗ គាត់ធ្វើស្រូវសែនក្រអូបបាន៤ហិចតា។តែតម្លៃលក់ឆ្នាំនេះ ថោក មិនបាន ៩-១១បាត ក្នុង១គីឡូ ដូចឆ្នាំ២០១៥ទេ។គឺលក់ បានតែ៥.៧-៦.១បាត ក្នុង១គីឡូ។

លោក ម៉ៅ ហួរ ដែលជាភ្នាក់ងារទិញស្រូវរបស់ក្រុមហ៊ុនហ្គោលដិនរ៉ាយ (Golden Rice.Co.,LTD)ដែលមកទិញស្រូវពីស្រុកមង្គលបូរី និងស្រុកបវេល​ឲ្យដឹងថា ហាងឆេងទទួលទិញប្រែប្រួលតាមថ្ងៃ និងតាមមានឈ្មួញមកប្រជែងឬអត់? គឺទិញតាមហាងឆេងក្នុងស្រុក និងអន្តរជាតិ​គឺស្រូវសែនក្រអូប​ច្រូត​ភ្លាមៗល្អ តម្លៃ៥.៨-៦.២បាត ក្នុង១គីឡូក្រាម ។បើដេកច្រើនថ្ងៃ(យឺតមិនយកមកលក់ទាន់) តម្លៃត្រូវចុះដល់៥.៥បាត ក្នុង១គីឡូក៏មាន។

ចំណែកអ្នកស្រី សា រៀង ជាឈ្មួញកណ្តាលទទួលទិញទុករយៈពេលខ្លី ក៏បាននិយាយដែរថា គាត់ក៏មិនខុសពីកសិករដែរ ពេលខ្លះគាត់ខាតខ្លាំង​ប្រសិន​គាត់ទិញស្តុបទុក យូរចេញមិនទាន់។ការស្តុបទុកយូរធ្វើឲ្យស្រូវថយគុណភាពដូច្នេះតម្លៃក៏ថោកទៅតាមនោះ។ ព្រោះថៅកែស្រូវដែលគាត់ប្រមូល ទិញពី​កសិករយកទៅលក់ឲ្យមិនបានកំណត់តំលៃជាក់លាក់នោះទេ។អ្នកស្រី បន្តថា ខ្លួនគាត់ក៏ជាអ្នកធ្វើស្រែដែរ ហើយអាណិតណាស់ដែលស្រូវជុញ គ្មាន​អ្នកទិញ ហើយអ្នកភូមិមកអង្វរ ឲ្យជួយទិញក្នុងតម្លៃថោកក៏ថោកចុះ ។

លោក ថោង ទីណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកក៏ទទួលស្គាល់ថា ការទទួលទិញរបស់ធនាគារ​ស្រូវបាន​តែត្រឹម​២០ភាគរយ ស្រូវរបស់ប្រជាកសិករ ព្រោះម៉ាស៊ីន សំងួត មានកម្រិតហើយឈ្មួញក្រៅទិញតម្លៃថោកជា៨៥០ក្នុងមួយគីឡូនេះ ក៏មកពីទីផ្សារស្រូវធ្លាក់​ថ្លៃនិងគុណភាពស្រូវមិនសូវល្អ។តែទោះជាយ៉ាងណាខាងលោកកំពុងតែរកវិធីដោះស្រាយ៕

https://www.youtube.com/watch?v=WlEyhWNUm0o

ស្រូវស្រូវស្រូវ

មតិយោបល់