កំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្ទាក់ឃាត់រថយន្តមួយគ្រឿងដែលដឹកជញ្ជូនកូនគ្រែងដោយខុសច្បាប់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧១-៧២ ស្ថិតក្នុងភូមិក្រាំងភ្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ហេង សម្រេច នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្លាំងជំនាញបានធ្វើការឃាត់រថយន្តមួយគ្រឿង ម៉ាកDaewoo ពាក់ស្លាកលេខ កំពង់ធំ 3A: 2312 បើកបរដោយឈ្មោះ ឃាង សុខា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងត្រស់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលដឹកគ្រឿងសមុទ្រប្រភេទកូនគ្រែង គ្មានលិខិតអនុញ្ញាតចំនួន ២៤៥បាវ ស្មើនឹង១២តោន។
នាយការិយាល័យរូបនេះបានបន្ថែមថា កូនគ្រែងទាំង១២តោននេះ ដឹកចេញពីចំណុចកំពង់ផែកែវផុស ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងគោលបំណងឆ្ពោះទៅប្រទេសវៀតណាម តាមច្រកដាខេត្តត្បូងឃ្មុំ។ ក្រោយធ្វើការឃាត់កម្លាំងជំនាញក៏បានប្រគល់ជូនដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីច្បាប់៕
មតិយោបល់