អគ្គិភ័យឆេះផ្ទះស្តុកក្រណាត់បោះដុំមួយល្វែងយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស ខណៈជាប់នៅខាងក្នុង។
ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១C ផ្លូវបេតុង ភូមិបឹងសាឡាង ក្រុម១ ជាប់បុរីសម្បត្តិ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជាអាជីវករលក់ក្រណាត់ បោះដុំនៅផ្សារអូឡាំពិក បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតខាងផ្ទះកើតហេតុបានប្រាប់អោយដឹងថា ផ្ទះដែលឆេះគឺស្តុកក្រណាត់ពេញក្នុងផ្ទះ ទុកសម្រាប់លក់បោះដុំនៅផ្សារអូឡាំពិក ហើយនៅមុនពេលកើត ហេតុ ពេលល្ងាច គឺម្ចាស់ផ្ទះគាត់បានដុតកម្ទេចក្រណាត់នៅមុខផ្ទះគាត់ តែត្រូវសមត្ថកិច្ចមូលដ្ឋាន ចុះទៅហាមឃាត់ ក៏ម្ចាស់ផ្ទះពន្លត់ភ្លើងវិញ។ លុះដល់ម៉ោងកើតហេតុស្រាប់តែមានអណ្ដាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ នៅខាងក្នុងផ្ទះនិងខាងមុខផ្ទះឆេះរាលដាលដល់រថយន្តតូយ៉ូតាព្រូសមួយគ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុងទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគោះទ្វារ និងស្រែកហៅ ម្ចាស់ផ្ទះ តែដោយសារភ្លើងឆេះខ្លាំងទៅហើយទើបអ្នកនៅខាងក្នុងមិនអាចចេញមកក្រៅ បានត្រឹម នាំគ្នារត់ទៅជាន់លើដំបូលគេចពីអណ្ដាតភ្លើង។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះគាត់ក៏រាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានសុំរថយន្ដ ពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍ជួយសង្គ្រោះ។
បន្ទាប់ពីទទួលបានដំណឹង កម្លាំងសមត្ថកិច្ចនៃការិយាល័យបង្កា និងពន្លត់អគ្គីភ័យបានចេញរថយន្ត ពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍ជួយសង្គ្រោះអាយុជីវិតមនុស្សដែរជាប់នៅខាងក្នុង បានចំនួន០២នាក់ គឺម្តាយនិងអ្នកស្នាក់នៅជាមួយគ្នា ចំណែកកូនស្រីម្ចាស់ឈ្លក់ផ្សែង និងរលាក សន្លប់ស្ដូកស្ដឹងនៅក្នុងផ្ទះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចូលទៅសង្គ្រោះ និងបញ្ជូនទៅសង្គ្រោះ ភ្លាមៗផងដែរ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ ធ្វើឲ្យខូចខាតសម្ភារៈនិងក្រណាត់ទាំងស្រុងនិង រថយន្តម៉ាកតូយ៉ូតា ព្រូស មួយគ្រឿង៕
មតិយោបល់