ព័ត៌មានជាតិ

រថយន្តព្រូសបុកកុងតឺន័រពីក្រោយ ឡើងខ្ទេចស្ទើរទាំងស្រុង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តព្រូស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BG-3010 ពណ៌ទឹកប្រាក់ បានជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ពីក្រោយបណ្តាលឲ្យមនុស្សរងរបួស បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមប្រភពព័ត៌មានពីក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំដែលបានចុះទៅដល់ទីតាំងចំណុចកន្លែងកើតហេតុផ្ទាល់ បានធ្វើអត្ថាធិប្បាយរាយសេចក្តីឲ្យដឹងដូច្នេះថា នៅកន្លែងកើតហេតុ នោះគេមិនបានឃើញហេតុការណ៍ផ្ទាល់នោះទេ ស្រាប់តែឃើញរថយន្តទាំងពីរគ្រឿង មានសភាពរងការខូចខាតទាំងសងខាងតែម្តង ។

ករណីនេះគេឃើញរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកប្រាក ពាក់ស្លាកលេខភ្នំពេញ 2BG-3010 មិនដឹងជាអ្នកបើកបរក្នុងល្បឿន លឿនប៉ុនណានោះទេ ហើយបានជ្រុលទៅបុកគូទរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខកំពង់ចាម 3A-6600 ។ សភាពរថយន្តព្រូសឡើងខ្ទេចរងការខូចខាតស្ទើរទាំងស្រុងតែម្តង ។ ករណីនេះបណ្តាលឲ្យមនុស្សម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ ។ ចំណែកឯរថយន្តកុងតឺន័រនោះវិញ ក៏រងការខូចខាតយ៉ាងដំណំផងដែរ ។

កើតហេតុភ្លាមៗនោះ គេមិនទាន់ឃើញវត្តមានកម្លាំងសមត្ថកិច្ចនគរបាលផ្នែកច្បាប់ចរាចរណ៍ ចុះមកដល់ទីតាំងកន្លែងកើតហេតុនោះទេ ។ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនដឹងថា កម្លាំងសមត្ថកិច្ចមាន លោកមានចំណាត់ការយ៉ាងណានោះទេ ។ ក្រុមការងារយើងខ្ញុំគ្រាន់តែដឹងថា រថយន្តទាំងពីរគ្រឿងមានសភាពរងការខូចខាតធ្ងន់ធ្ងរ ជាងគេនោះគឺរថយន្តម៉ាកព្រូសខ្ទេចស្ទើរទាំងស្រុង ។ សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ធ្ងន់ម្នាក់ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ មុនពេលសមត្ថកិច្ចនគរបាលលោកចុះទៅដល់ ៕

មតិយោបល់