បាត់ដំបងៈ ជនរងគ្រោះម្នាក់ ដែលមានសញ្ជាតិជាខ្មែរ រស់នៅសហរដ្ឋអាមេរិក ហើយក៏បានត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ ត្រូវជនសង្ស័យម្នាក់ ដែលជាមិត្តភក្តិផឹកស៊ីរួមតុជាមួយគ្នា ចាក់ចំដងខ្លួនចំនួន៤កាំបិត បណ្តាលឲ្តស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យឯកជនមួយ បន្ទាប់ពីមានជម្លោះកើតឡើងក្នុងវង់ផឹកស៊ី។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅត្រង់ចំណុចហាងផឹកស៊ីមួយកន្លែង ដែលជារបស់ជនបរទេសយីហោ « ហែរប៊ីដ្រាហ្គន» ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បុគ្គលិកក្នុងហាងម្នាក់ បានឲ្យសមត្ថកិច្ចដឹងថា បើតាមគេស្គាល់ គឺជន សង្ស័យឈ្មោះ វង ភេទប្រុស អាយុប្រហែល៣១ឆ្នាំ ស្នាក់នៅផ្ទះជួលខាងត្បូងស្នងការដ្ឋាន នគរបាលខេត្ត ស្ថិតក្នុងក្រុមទី១០ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បានយកកាំបិតសាំងគីម ចាក់ទៅលើជនរងគ្រោះឈ្មោះ សេក សាវឿន ភេទប្រុសអាយុ៣៤ឆ្នាំ ជាអនិកជនខ្មែរ អាមេរិកកាំង មានមុខរបរសាក់រូប ដោយគេបានមករស់នៅស្រុកខ្មែរ រយៈពេល៤ឆ្នាំហើយ ហើយបច្ចុប្បន្នគឺស្នាក់នៅផ្ទះជួល ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពដដែលបានអះអាងថា នៅមុនពេលកើតហេតុ គឺពួកគេទាំងពីរ នាក់ ដែលត្រូវជាមិត្តភក្តិនឹងគ្នា បានរួមតុផឹកស៊ីយ៉ាងសប្បាយ នៅក្នុងអាហារដ្ឋានខាងលើ។ លុះខណៈដែលពួកគេកំពុងស្ថិតក្នុងភាពស្រវឹងរៀងៗខ្លួន ក៏ស្រាប់តែឮសម្លេងខ្លាំងៗ ដែលទំនងជាមានទំនាស់នឹងគ្នា ភ្លាមៗនោះដែរ ជនសង្ស័យដែលហាក់ដូចជាមានចេតនាសម្លាប់ទៅលើជនរងគ្រោះ ដោយសារតែគេមានកូនកាំបិតត្រៀមជាប់នឹងខ្លួនជាស្រេច ដោយគេបានចាក់ទៅលើជនរងគ្រោះចំនួន៤កាំបិត ដោយត្រូវចំក្រោមផ្ចិតមួយកន្លែង ចុងដង្ហើមមួយកន្លែង ក្រោមដោះខាងឆ្វេងមួយកន្លែង និងឆ្អឹងជំនីផុតខាងឆ្វេងមួយកន្លែង ធ្វើឲ្យជនរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យសុវណ្ណ ដើម្បីសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅទីនោះតែម្តង។ដោយឡែកជនបង្ក ក្រោយបង្កហេតុក៏បានគេចខ្លួនបាត់ស្រមោលទាំងយប់តែម្តង ដោយគេបានបន្សល់នូវវត្ថុតាងនៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នមុខសញ្ញា ត្រូវបានកម្លាំងសមត្ថកិច្ច កំពុងដាក់កម្លាំងតាមប្រមាញ់ ដោយសារតែជននេះគេបានស្គាល់យ៉ាងច្បាស់ហើយ ដូច្នេះគេមិនអាច គេចផុតពីសំណាញ់ច្បាប់បានឡើយ៕
មតិយោបល់