ភ្នំពេញ ÷ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ស្ទើរទាំងស្រុង និងបន្តរាលដាលទៅលើផ្ទះប្រជាពលរដ្ឋ ជិតខាងចំនួន២ខ្នងទៀត រងការខូចខាតអស់សម្ភារៈមួយចំនួន។
ហេតុការណ៍គ្រោះអគ្គិភ័យនោះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយផ្លូវណតព្រីតក្នុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុដោយឃើញអណ្តាតភ្លើង បានឆាបឆេះចេញពីខាងក្នុងផ្ទះកើតហេតុ យ៉ាងសន្ធោសន្ធៅនិងបន្តរាលដាលទៅដល់ផ្ទះពលរដ្ឋជិតខាង ចំនួន២ខ្នងទៀត បន្ទាប់មកប្រជាពលរដ្ឋជិតខាង បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានទទួលដំណឹងថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌសែនសុខ យ៉ាងសន្ធោសន្ធៅក៏បានបញ្ចេញកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ មកជាច្រើនគ្រឿងជួយបា.ញ់ពន្លត់។
ក្រោយពីបើកប្រតិបត្តិការចុះមកបា.ញ់ពន្លត់អគ្គិភ័យឲ្យរលត់ទៅវិញ ឃើញថាប្រើប្រាស់រថយន្តអស់ ៣៦ គ្រឿង ទើបអាចទប់ស្កាត់បានរលត់ទៅវិញ។ យ៉ាងណាមិញសម្រាប់អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ មិនបណ្តាលឲ្យមានអ្នកណាម្នាក់ រងរបួសឡើយ រងការខូចខាតតែផ្ទះពលរដ្ឋមួយខ្នង ស្ទើរទាំងស្រុង និងបន្តរាលដាលទៅលើផ្ទះជិតខាង ចំនួន២ខ្នងបន្ថែមទៀត រងការខូចខាត។ ចំណែកឯមូលហេតុ ដែលនាំឲ្យមានករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
មតិយោបល់