ព័ត៌មានជាតិ

Zoomer-X ទាក់ដៃចង្កូតជាមួយរថយន្ត កិនយុវតីស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ: គ្រោះថា្នក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីម៉ូតូម៉ាក Zoomer-Xមួយគ្រឿង បើកទៅទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿង បណ្តាលឲ្យដួលត្រូវរថយន្តកិនយុវតីម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទី ព្រឹកថ្ងៃ១ ខែកុម្ភ:ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះរ៉ាន់ សារាវឌី ភេទស្រី មុខរបរនៅផ្ទះ អាយុ១៧ឆ្នាំ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FS-9601ជិះដោយយុវតីពីរនាក់តាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានទាក់ដៃចង្កូតម៉ូតូជារថយន្តនៅស្តាំដៃ បណ្តាលឲ្យម៉ូតូដួលទៅខាងឆ្វេង ខណ:នោះក៏មានរថយន្តមួយគ្រឿងទៀត កំពុងតែបើកស្របទិសគ្នាក៏បណ្តាលឲ្យកង់ក្រោយរបស់រថយន្ត កិនចំពាក់កណ្តាលខ្លួនជនរងគ្រោះស្លាប់និងម្នាក់ទៀតរងរបួសភ្លាមៗ នោះយុវតីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់