ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ណូរ៉ា បន្តដើរលើផ្លូវក្រាលដោយបន្លាក្នុងសិល្បៈ

ភ្នំពេញៈ បើទោះមិនទាន់ក្លាយខ្លួនជាតារាជួរមុខនៅឡើយ ប៉ុន្តែគេកត់សម្គាល់ថាតារាសម្ដែងវ័យក្មេងលោកលី ណូរ៉ា ទទួលផ្លែផ្កាកាន់តែច្រើននៅក្នុងសិល្បៈ។ លោកគឺជាតារាដែលត្រូវគេដឹងថាបានបន្តដំណើរលើមាគ៌ាជាតារាសម្ដែងដោយការតស៊ូគួរឲ្យសរសើរ មុនក្លាយខ្លួនជាអ្នកបង្ហាញម៉ូតអាជីព ជាអ្នកចម្រៀងអាជីព និងចុងក្រោយបានបន្តបោះជំហានជាពិធីករថែមទៀត នៅលើផ្លូវសិល្បៈដែលក្រាលដោយបន្លាយ៉ាងលំបាក។

តារាវ័យ២៥ឆ្នាំរូបនេះ ថ្លែងប្រាប់Postnews ថា ប្រមាណ១ឆ្នាំចុងក្រោយលោកកត់សម្គាល់ថាទីផ្សារសិល្បៈរបស់ខ្លួនមានការឡើងសន្ទុះទាំងការសម្ដែង ការដើរម៉ូត និងឱកាសក្លាយខ្លួនជាតារាចម្រៀងតែម្ដង។ រម្លឹកដល់រង្វង់៣ឆ្នាំមុន លោកថាខ្លួនគ្រាន់តែជាតារាដែលបានហក់ចូលអាជីពសិល្បៈដោយភាពប្រថុយប្រថានប៉ុណ្ណោះ ខណៈដែលក្នុងពេលនោះគឺទោះជាប្រឹងទទូចសុំឲ្យមានគេផ្ដល់ឱកាសឲ្យថត ឬឲ្យសម្ដែងណាមួយក៏ស្ទើរមិនមានអ្នកឲ្យតម្លៃ។

លោកថា«សម្រាប់ភាពខុសប្លែក ខ្ញុំយល់ថាជារឿង២ផ្សេងគ្នាដាច់ស្រឡះតែម្ដង ព្រោះពីមុនខ្ញុំគ្រាន់តែជាក្មេងវត្តដែលទៅឈរមើលគេថត និងស្រម៉ៃចង់ក្លាយជាតារាសិល្បៈប៉ុណ្ណោះ ប៉ុន្តែឥឡូវហ្នឹងគឺសឹងអត់មានពេលទទួលសម្ដែង និងឡើងឆាកតែម្ដង ដោយសារតែខាងផលិតករណាក៏ផ្ដល់ឱកាសហៅថត ហើយការងារដែលខ្ញុំបានទទួលនៅក្រៅសិល្បៈក៏មមាញឹក!»។ យ៉ាងណាក៏ដោយលោកថាអ្វីដែលខ្លួនទទួលបាននៅមិនទាន់ឈានដល់គោលដៅនៃការចង់បាននោះទេ ដោយសារតែការប្រឡូក សិល្បៈគឺមិនខុសពីដើរលើផ្លូវក្រាលដោយបន្លា ដែលអាចនិយាយថាសមត្ថភាពតែមួយមុខ គឺនឹងមិនអាចឈរជើងបាន។

លោកនិយាយថា«ប្រឡូកសិល្បៈអត់ប្រើសមត្ថភាពតែមួយមុខកើតទេ គឺត្រូវតែចំណាយច្រើនណាស់លើការស្លៀកពាក់ ការធ្វើខ្លួនឲ្យហ៊ឺហារឡូយឆាយ និងមានទំនាក់ទំនងច្រើនជាមួយមនុស្សគ្រប់ស្រទាប់វណ្ណៈអីផងដែរ ហើយទាំងអស់នេះគឺសុទ្ធតែជាចំណាយខ្ពស់ ចឹងហើយទើបខ្ញុំត្រូវប្រឹងទទួលការងារសិល្បៈទាំងតូចទាំងធំ និងត្រូវធ្វើការក្រៅពីសិល្បៈមួយទៀត ដើម្បីយកលុយទប់ ព្រោះសិល្បៈបើអត់លុយម៉ារៀលៗមិនដល់គេ គឺទីផ្សារដូចកប់ចោលចឹង ណឹងហើយជាបញ្ហាធំបំផុតដែលខ្ញុំជួបប្រទះនាពេលកន្លងមក»។ ក្នុងនោះកម្មវិធីជប់លៀងរបស់តារាសិល្បៈ ក៏ជាឧបសគ្គមួយពិបាកឲ្យតារាគ្រប់រូបគេចចោលផងដែរ ដោយសាសកម្មភាពនោះ គឺជាការពង្រីកទីផ្សារសិល្បៈរបស់ខ្លួន។

លោកលី ណូរ៉ា ត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្ដែងជាតួអង្គក្រម៉ិចក្រម៉ើម និងច្រឡឺមក្នុងវ៉ុលថ្មីរបស់ផលិតកម្មថោននាពេលកន្លងមក។ ថ្មីៗនេះលោកក៏បានលេចធ្លោក្នុងបទចម្រៀងផ្ទុះៗរបស់ផលិតកម្មថោន សាន់ដេ និងផលិតកម្មមួយចំនួនគួរឲ្យកត់សម្គាល់ផងដែរ ទើបធ្វើឲ្យឆ្លងផុតពីតួកំប៉ិកកំប៉ុកក្លាយជាតួដែលមានទីផ្សារម្នាក់។

លោកក៏ជាតារាបង្ហាញម៉ូដក្នុងក្រុមPop Model ដើរប្រចាំឲ្យទូរទស្សន៍អាស៊ីអាគ្នេយ៍ និងបានវិវឌ្ឍន៍ខ្លួនក្លាយជាតារាចម្រៀង នាពេលចុងក្រោយផងដែរ។ តារាដែលមានខ្សែជីវិតជាកូនកំព្រាម្ដាយតាំងពីតូច និងមានឪពុកស្ថិតនៅប្រទេសថៃឆ្ងាយពីទ្រូងរូបនេះ បានអះអាងថាលោកនឹងបន្តអត់ធ្មត់ក្នុងសិល្បៈរហូតឈានដល់គោលដៅ បើទោះជាការឈានដើរមួយជំហានៗនៅក្នុងសិល្បៈ សុទ្ធតែត្រូវប្រកួតប្រជែងពីសំណាក់តារារួមជំនាន់ និងក្រោយជំនាន់យ៉ាងលំបាក៕

photo_2016-06-08_23-55-25photo_2016-06-08_23-55-29photo_2016-06-08_23-55-33photo_2016-06-08_23-55-37photo_2016-06-08_23-55-41photo_2016-06-08_23-59-01photo_2016-06-08_23-59-05photo_2016-06-08_23-59-08photo_2016-06-08_23-59-11photo_2016-06-08_23-59-15photo_2016-06-08_23-59-19photo_2016-06-08_23-59-22photo_2016-06-08_23-59-25photo_2016-06-08_23-59-28photo_2016-06-08_23-59-32photo_2016-06-08_23-59-34photo_2016-06-08_23-59-38photo_2016-06-08_23-59-42photo_2016-06-08_23-59-45photo_2016-06-08_23-59-48photo_2016-06-08_23-59-52photo_2016-06-08_23-59-55

មតិយោបល់