ព័ត៌មានជាតិ

រមណីយដ្ឋានក្នុងខេត្តត្បូងឃ្មុំ ទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តជាង៣០០០នាក់ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីចិន វៀត ណាម ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តត្បូងឃ្មុំ រយៈ០៤ថ្ងៃ ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវសរុប ជាង៣ពាន់នាក់ បើធៀបឆ្នាំ២០២១ ភ្ញៀវថយចុះជាង៧០ភាគរយ។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ឱ្យដឹងថា ភ្ញៀវទេសចរមកទស្សនាខេត្តត្បូងឃ្មុំ សរុបមានចំនួន៣,០៥៥ នាក់ ដែលក្នុងនោះ ស្រ្តីចំនួន ១,៦៧៤នាក់ ហើយភ្ញៀវបរទេសមានចំនួន០៣នាក់ផងដែរ ។ ធៀបឆ្នាំ២០២១ មានចំនួន ១០,២១១នាក់ ថយចុះ៧០,០៨ភាគរយ ។

លោក ប្រធានមន្ទីរទេស ចរណ៍ខេត្តត្បូងឃ្មុំ បន្តថា មន្ទីរទេសចរណ៍ខេត្ត បានបន្តពង្រឹងការគ្រប់គ្រងនៅរមណីយដ្ឋាន ការកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវ និងមិនត្រូវទទួលភ្ញៀវលើសចំណុះជា ដាច់ខាត ក៏ដូចជាបានជួយណែនាំឱ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយ ដ្ឋានឱ្យពួកគាត់វេចខ្ចប់ ទុក ដាក់សំរាមក្នុងធុងសំរាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ក៏បានចាត់មន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយ នូវវិធានការរបស់រាជរដ្ឋាភិ បាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួង ទេសចរណ៍ក៏បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន ។

សូមជម្រាបថា ក្នុងខេត្តត្បូង ឃ្មុំ មានរមណីយដ្ឋានសំខាន់ៗចំនួន៩កន្លែងរួមមាន: ១.រមណីយដ្ឋានទឹកធ្លាក់ហោង ២.រមណីយដ្ឋាន ហ្លួងស្តេចកន ៣.ភូមិនេសាទ (មាត់ឃ្មង់) ៤.រមណីយដ្ឋាន ព្រះធាតុបាស្រី ៥.រមណីយ ដ្ឋាន តាសែដូងក្រអូប ៦.រមណីយដ្ឋាន អូក្តូង ៧.រមណីយដ្ឋាន បឹងក្រចាប់ ៨.រមណីយដ្ឋានឫស្សីឈូករ័ត្ន និងទី៩.គឺរមណីយដ្ឋាន ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ៕

មតិយោបល់