ព័ត៌មានជាតិ

ឆេះផ្ទះយីហោ«ហេងហេង សុខនី» លក់បាយ កាហ្វេ សង្ស័យទុស្សេខ្សែភ្លើង

ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះផ្ទះ យីហោ«ហេងហេង សុខនី» លក់បាយនិងកាហ្វេ» ស្ថិតនៅតាមផ្លូវចូលវត្តតាំងកសាង មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៥៥នាទីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

ហេតុការណ៍ខាងលើ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ រួមទាំងអ្នកទៅជួយអន្តរាគមន៍ឡើយ ក្រោយមកភ្លើងបានរលត់ទៅវិញ បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រើម៉ាស៊ីន និងម៉ូទ័រព្រមទាំងបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ក្រោមការសហការពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដោយនាំយករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យទៅបាញ់ពន្លត់ផងនោះ។

តាមប្រភពព័ត៌បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានធំក្លិនឈ្ងៀមខ្លាំង ហើយពេលក្រឡេកទៅមើលផ្ទះលក់បាយខាងលើ ស្រាប់តែឃើញមានផ្សែងហុយទ្រលោម ពេលនោះបង្កឲ្យមានកាភ្ញាក់ផ្អើលគ្រប់ៗគ្នា បានយកម៉ាស៊ីន និងម៉ូទ័រព្រមទាំងបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ ទៅបាញ់ពន្លត់ក្នុងស្ថានភាពស្លន់ស្លោរ ដោយសារតែខ្លាចឆេះរាលដល់ផ្ទះផ្សេងទៀត ព្រោះនៅទីនោះផ្ទះស្ថិតនៅជាប់ៗគ្នា បើពន្លត់អត់ទាន់ទេប្រាកដជាឆេះឆ្លងពីមួយទៅមួយទៀតមិនខានឡើយ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា នៅខណៈនោះពុំអាចបាញ់ឲ្យរលត់បានឡើយគ្រាន់តែអន់ថយបន្តិចប៉ុណ្ណោះ លុះបន្តិចក្រោយមកអាជ្ញាធរ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បាននាំយករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ ទៅជួយបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង ហើយគ្រែ ពូក និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត នៅក្នុងបន្ទប់ឡៅតឿនោះបានរងការខូចខាតផងដែរ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕

មតិយោបល់