ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបខារ៉ាអូខេមួយកន្លែង បង្កប់កន្លែងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួន មនុស្ស ៤០ នាក់

សមត្ថកិច្ចចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនមនុស្ស ១១ នាក់ ខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀន នៅវេលាម៉ោង ១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ​នៅ​ទីតាំង​ខារ៉ាអូខេយីហោ​”​ហាយ​ក្លាស​””HightClass” ស្ថិតនៅ​ភូមិ​រំចេក​ ៤ ​សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ។
លោក​វរសេនីយ៍ឯក​ សុខ ​និមល ​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​ករណី​ខាងលើនេះ​ អនុវត្ត​តាម​ការណែនាំ​ពី​លោកស្នងការ​និង​ស្របតាម​ការសម្របសម្រួល​លើ​នីតិវិធី​ពី​លោក​ កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ​ដែលមាន​លោក​វរសេនីយ៍ឯក​ ពេជ្រ សា​រ៉ែ​ន​ ជា​អធិការ​បាន​ចុះ​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ ករណី​ជួញដូរនិង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តែម្តង​ ក្នុង​បទល្មើស​ជាក់ស្ដែង​ នៅ​ចំណុច​ទីតាំង​ខារ៉ាអូខេ​ខាងលើ ​ដែល​ក្នុងនោះ​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន ​៤០ ​នាក់​ នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​។
ប្រភព​​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​នគរ​បាល ដ​ក​ហូត​វត្ថុតាង​បាន​ដូចជា ​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​(KETAMINE)​ ២ ​ថង់ ​ទម្ងន់​ ១,៤០​ ក្រាម​(​ទាំង​សំបក​)​, ថ្នាំញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​(MDMA) ២​ គ្រាប់​ និង​ ២ ​កំណាត់​ទម្ងន់ ​០,៨៨ ​ក្រាម, ប្រាក់​ដុល្លារ ​២,៤៥០ ​ដុល្លារ និង​ប្រាក់រៀល​ចំនួន ​៦,១០០ ,០០០ ​រៀល​(​ប្រាំមួយ​លាន​ដប់​ម៉ឺន​រៀល​)​។

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​បាន​រកឃើញថា ​មាន​ជនសង្ស័យ​ ១១​ នាក់ ​ស្រី​ ១ ​នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ខាងលើនេះ ​ដែល​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​រីឯ​អ្នក​ដែល​មិន​ពាក់ព័ន្ធ​ក្នុងករណីនេះ ​ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅ​​វិញ​៕

មតិយោបល់