ព័ត៌មានជាតិ

ហាយឡែនឌ័រពន្លះព្រូសពីក្រោយពេញទំហឹង បង្កការភ្ញាក់ផ្អើលទាំងយប់!

ភ្នំពេញ: រថយន្តព្រូសមួយគ្រឿង ត្រូវបានរថយន្តហាយឡែនឌ័របើកមកបុកពីក្រោយទាំងកម្រោលយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវភ្លោះអូរឬស្សី ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-0517 បានបើកបរតាមបណ្ដោយផ្លូវភ្លោះអូរឬស្សី ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-6810 បានបើកបរទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលចង្កូតទៅបុករថយន្តព្រូសចំកង់ក្រោយខាងឆ្វេង បណ្ដាលឲ្យដាច់ការឡេម្ខាងរងការខូចខាតយ៉ាងដំណំ។ ចំណែកឯរថយន្តហាយឡែនឌ័រ ក៏បានដាច់កង់មុខផ្នែកខាងស្ដាំហូសទៅមុខប្រហែល៥០ម៉ែត្រ ទើបអស់ល្បឿនឈប់។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ដោយរថយន្តបង្កម៉ាកតូយ៉ូតាហាយឡែនឌ័រ ព្រមសងការខូចខាតទៅលើរថយន្តរងគ្រោះម៉ាកតូយ៉ូតាព្រូសចំនួន១៥០ដុល្លា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕

មតិយោបល់