សត្វកន្ធាយរាប់ពាន់ក្បាល និងពងទា រាប់ពាន់គ្រាប់ នាំចូលខុសច្បាប់ពីប្រទេសវៀតណាម ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលនិតិវិធីដោយឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជា មួយកម្លាំងខណ្ឌរដ្ឋបាលជលផលកណ្ដាល បានឃាត់រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌សពាក់ស្លាកលេខ2A-0318 នៅចំណុចផ្លូវជាតិលេខ១ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ក្នុងករណីសង្ស័យនាំចូលសត្វកន្ធាយនិងកូនទាពីប្រទេសវៀតណាមគ្មានច្បាប់អនុញ្ញាត។
មន្ត្រីជាន់ខ្ពស់របស់ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់អោយដឹងថា អ្នកបើកបររថយន្តមានឈ្មោះ សោម សារឿន ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិថ្នល់ពាម ឃុំអង់ស្រែ ស្រុករមៀសហែក ខេត្តស្វាយរៀង មុខរបរអ្នកបើកបរ និងទី២ឈ្មោះ កែវ តូ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមៀសហែក ខេត្តស្វាយរៀង មុខរបរព្រូឡាន។
វត្ថុតាងដកហូតរួមមានថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ផ្លាកលេខព្រៃវែង 2A-0318 កន្ធាយធំ៣១កេះទម្ងន់៨២១គីឡូក្រាម ស្មើនឹង១០១៧ក្បាល កូនគន្ធាយ៤កេះចំនួនប្រមាណ២២១០កូន ពងកន្ធាយមួយកេសទម្ងន់៧គីឡូក្រាមប្រមាណ១០០០ពងព្រមទាំងកូនទា២០កេះស្មើនឹង២០០០កូន គ្មានច្បាប់។
ក្រោយពីបានចូលរួមត្រួតពិនិត្យជាក់ស្តែង សត្វកន្ធាយនិងពងកន្ធាយ បានប្រគល់ទៅខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលដើម្បីបន្តរនិតិវិធីតាមផ្លូវច្បាប់។ ដោយឡែកកូនទាបានប្រគល់ទៅការិយាល័យបសុសត្វខេត្តកណ្តាលដើម្បីបន្តរនិតិវិធីតាមផ្លូវច្បាប់។ ចំណែករថយន្តរក្សាទុកនៅស្នងការបណ្តោះអាសន្ន រង់ចាំការអនុវត្តនិតិវិធីរបស់ខណ្ឌរដ្ឋបាលជលផលនិងការិយាល័យបសុសត្វ៕






មតិយោបល់