មន្ត្រី អង្គការ Bird Life បានឱ្យដឹងនៅថ្ងៃ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២០ ខែកុម្ភ: ឆ្នាំ២០២២ថា កាលពីខែមករា ឆ្នាំ២០២២ អង្គការបានធ្វើជំរឿនសត្វស្លាបអាស៊ី ត្រូវបានប្រព្រឹត្តទៅនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។
សកម្មភាពអង្កេតតាមដានជីវចម្រុះនេះ គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមន្ត្រីអង្កេតតាមដានទីវាលអង្គការជីវិតធម្មជាតិ និងឧទ្យានុរក្សប្រចាំការ ក្នុងតំបន់ការពារទេសភាពទាំងពីរនេះ ដែលគាំទ្រដោយអង្គការ Bird Life និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។ ជាលទ្ធផល សត្វស្លាបចំនួន ៧៨ប្រភេទ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងសត្វស្លាបចំនួន៥២ប្រភេទ ក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានប្រទះឃើញ និងកត់ត្រាទុក។ ក្នុងនោះមានសត្វស្លាបដែលដែលជិតផុតពូជបំផុតចំនួន០១ប្រភេទ គឺចាបព្រៃវែង និងសត្វស្លាបដែលកំពុងរងគ្រោះជាសកល គឺសត្វក្រៀល។
គួរបញ្ជាក់ផងដែរថា ចាបព្រៃវែងបាននៅតែបន្តមានវត្តមាន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រាប់ពាន់ក្បាល ចាប់តាំងពីខែធ្នូ ដល់ខែមេសា ប៉ុន្មានឆ្នាំចុងក្រោយនេះ។
គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង អន្លង់ព្រីងសហការអនុវត្តន៍ដោយក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា Bird Life និង WWT ៕
មតិយោបល់