ក្រសួងសាធារណៈការ និង ដឹកជញ្ជូន នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានធ្វើការឆ្លើយតប ទៅនឹងសំណួរដែលមានមហាជនសួរច្រើនជាងគេប្រចាំខែមករា ដែលសំណួរនោះសួរថា ៖ តើប័ណ្ណបើកបរអចិន្ត្រៃយ៍ អាចប្ដូរប័ណ្ណបើកបរស៊េរីថ្មីបានដែរឬទេ? ត្រូវមានឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
ទាក់ទិនទៅនឹងសំណួរដ៏ចាំបាច់ខាងលើ ក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យបានដឹងថា ប័ណ្ណបើកបរអចិន្ត្រៃយ៍ អាចប្ដូរយកប័ណ្ណបើកបរសេរីថ្មីបាន ឬ បន្តប្រើប្រាស់បានរហូតដល់ឆ្នាំ ២០២៦ ទើបមានការជូនដំណឹងជាថ្មី ខណៈឯកសារតម្រូវរួមមាន៖
– ប័ណ្ណបើកបរដែលត្រូវប្តូរ (ច្បាប់ដើម)
– អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្តល់សេវា)
– រូបថតខ្នាត ៤x៦ ផ្ទៃពណ៌ស ចំនួន ៣សន្លឹក
ដោយឡែក ចំពោះកម្រៃសេវាប្តូរប័ណ្ណបើកបរគឺ ប័ណ្ណបើកបរប្រភេទ ក តម្លៃ ២០០០០ រៀល ចំណែកឯប័ណ្ណបើកបរប្រភេទ ខ គឺមានតម្លៃ ៣០០០០ រៀល៕




មតិយោបល់