បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនយកមកសួរនាំ ពាក់ព័ន្ធករណីឆបោកពលរដ្ឋម្នាក់ ឈ្មោះ សូត្រ សុគន្ធរស់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ យ៉ុម យ៉េន ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរលក់ដូរ រស់នៅភូមិ មិត្តភាព សង្កាត់មិត្តភាព ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មុនពេលឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ ២០២២កន្លងទៅ ជនសង្ស័យ យ៉ុម យ៉េន និងបក្សពួកម្នាក់ទៀត បាននាំគ្នាទៅទិញស៊ីមថ្មីមួយ រួចបង្កើតគណនីតេឡេក្រាម ដាក់រូបអ្នកផ្សេង ក្នុងគោលបំណងបន្លំធ្វើជាម៉ូយដែលធ្លាប់រកស៊ីជាមួយជនរងគ្រោះ ឈ្មោះ ចែយក់ ហើយបានកុម្ម៉ង់ទិញទំនិញ ជាច្រើនពីជនរងគ្រោះ ឲ្យផ្ញើទំនិញឲ្យមុន រួចមិនបានទូទាត់លុយឲ្យម្ចាស់ទំនិញវិញទេថែមទាំងទំនាក់ទំនងមិនបានថែមទៀត ។
លោកវរសេនីយ៍ឯក គង់ វិនឌី ស្នងការរងទទួលផែនការងារសន្តិសុខ បានឲ្យដឹងថា ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង សម្របសម្រួល ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែត លោកបានដឹកនាំកម្លាំង ចុះស្រាវជ្រាវ សមសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ុម យ៉េន ហើយយកមកសួរនាំ ដោយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូច្នោះមែន ព្រោះរវាងជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្នា ក្នុងការរកស៊ីកន្លងមក។
ក្រោយសួរនាំ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕
មតិយោបល់