ព័ត៌មានជាតិ

Saka ត្រៀមទទួលបានប្រាក់កម្រៃថ្មីគុណនឹង៤ ពីក្លឹប Arsenal

បរទេស៖ កីឡាករឆ្នើមវ័យ២០ឆ្នាំ Bukayo Saka បច្ចុប្បន្នបើទោះបីជាស្ថិតនៅក្នុងតំណែងជាកីឡាករប្រយុទ្ធជួរមុខរបស់ក្លឹបកាំភ្លើងធំ Arsenal ក្តីប៉ុន្តែគាត់បានទទួលប្រាក់កម្រៃត្រឹមតែ៣ម៉ឺនផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះគឺស្ថិតនៅក្នុងចំណោមកីឡាករដែលទទួលបានប្រាក់កម្រៃតិចជាងគេបំផុតរបស់ក្លឹបនៅឡើយ។

ទោះពីជាយ៉ាងណាក្តីមកដល់ពេលនេះក្លឹបកំពុងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីអាចផ្តល់កុងត្រាថ្មីជូនកីឡាករអង់គ្លេសវ័យក្មេងរូបនេះដើម្បីបញ្ចៀសការសម្រេចចិត្តចាកចេញរបស់កីឡាករនារដូវក្តៅខាងមុខហើយជឿជាក់ថានឹងអាចមានតម្លៃថ្មីប្រមាណជា១២៥០០០ផោនក្នុងមួយសប្តាហ៍។

ការបង្កើនប្រាក់កម្រៃក្នុងចំនួនដ៏ច្រើនសន្ធឹកនេះបានធ្វើឡើងដើម្បីបញ្ជាក់អំពីភាពសំខាន់របស់កីឡាកររូបនេះចំពោះក្លឹបជាពិសេសចំពោះការដឹកនាំរបស់លោក Mikel Artetaហើយជឿជាក់ថាការចុះហត្ថលេខានឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។

គួរឲ្យដឹងដែរថាកុងត្រាបច្ចុប្បន្ននេះគឺត្រូវបានចុះហត្ថលេខាតាំងតែពីពេល២០ខែមុនមកម្ល៉េះហើយបច្ចុប្បន្នមានសុពលភាពត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះ៕

មតិយោបល់