ព័ត៌មានជាតិ

អ៊ុយក្រែន ថានឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ក្នុងទីក្រុង Mariupol ខណៈរុស្ស៉ីព្រមានកម្ទេច

(កៀវ)៖ ទាហានអ៊ុយក្រែនបានប្ដេជ្ញាថាពួកគេនឹងតស៊ូប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយ នៅឯទីក្រុងម៉ារីយូប៉ូល បន្ទាប់ពីឱសានវាទរបស់ រុស្ស៉ីបានផុតកំណត់ នៅក្នុងទីក្រុងកំពង់ផែនៃតំបន់សមុទ្រខ្មៅមួយនេះ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៉ីហាល់ (Denys Shmyhal) បានអះអាងថាទាហានអ៊ុយក្រែនឹងមិនទម្លាក់អាវុធចុះចាញ់ ជាដាច់ខាត។ «យោធា, ទាហានរបស់យើងនៅតែបន្តស្ថិតនៅទីនោះ (ទីក្រុងម៉ារីយូប៉ូល) ដូច្នេះពួកគេនឹងប្រយុទ្ធរហូតដល់ ដង្ហើមចុងក្រោយ»។ នេះជាការបញ្ជាក់របស់លោក Shmyhal។

ក្រសួងការពារជាតិរុស្ស៉ី បានដាក់ឱសានវាទឱ្យទាហានអ៊ុយក្រែន ដែលនៅសេសសល់ក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) ទម្លាក់អាវុធ សុំចុះចាញ់ឱ្យបានមុនម៉ោងមួយរសៀល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ជាមួយការព្រមានថាអ្នកដែលរឹងទទឹង នឹងត្រូវបានកម្ទេច ឬសម្លាប់។

បើតាមក្រសួងការពារជាតិរុស្ស៉ី ទាហានស៊ីឈ្នួល ៤០០នាក់កំពុងស្ថិតនៅក្នុងរោងចក្រដែកថែប អាហ្សូវស្ទល់ (Azovstal) ដែល កំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ហើយបានប្រាប់ទាហានទាំងនេះឱ្យទម្លាក់អាវុធសុំចុះចាញ់ ដើម្បីសង្រ្គោះជីវិតរបស់ពួកគេ។ មិនតែប៉ុណ្ណោះ មូស្គូក៏បានចោទប្រកាន់ដែរថាទីក្រុងកៀវបានបញ្ជាឱ្យកងវីរសេនាតូចអាហ្សូវ (Azov) បាញ់សម្លាប់ទាហានដែលចង់ ឬសុំចុះចាញ់៕

ប្រភព៖​ Reuters

មតិយោបល់