ព័ត៌មានជាតិ

មកដឹងពីវិធីសំខាន់ៗទាំង៤យ៉ាង ជួយលោកអ្នកបញ្ឈប់ការគិតច្រើននៅពេលយប់

ដោយសារតែសម្ពាធពីការងារប្រចាំថ្ងៃ កត្តាសុខភាព និងបរិបទសង្គម មនុស្សភាគច្រើនតែងតែប្រឈមនិងរងគ្រោះដោយសារជំងឺគិតច្រើន។ វាកើតឡើងនៅពេលរាត្រី ហើយតែងតែរំខានដល់ការគេងរបស់ពួកគេ។ ដូច្នេះដើម្បីបញ្ចៀសពីបញ្ហានេះ ៤ចំណុចខាងក្រោមគឺជាវិធីសាស្ត្រល្អបំផុត។

១. ទុកពេលសម្រាកសម្រាប់ខ្លួនឯង៖
កាត់បន្ថយការមើលទូរទស្សន៍ និងការប្រើទូរស័ព្ទដៃ ហើយបើអ្នកអានសៀវភៅគឺអានតែសៀវភៅណា ដែលមិនសូវធ្វើឲ្យអ្នកស្រ្តេស ក៏ប៉ុន្តែរឿងដ៏សំខាន់ដែលអ្នកត្រូវធ្វើគឺគិតអំពីគម្រោងដ៏អស្ចារ្យបន្ទាប់របស់អ្នក។ បន្ទាប់មក អ្នកត្រូវធ្វើសមាធិ ដើម្បីជួយឲ្យអារម្មណ៍របស់អ្នកស្ងប់ហើយគេងលក់ស្រួល។

២. និយាយប្រាប់ពីអារម្មណ៍របស់អ្នក៖
សាកល្បងនិយាយប្រាប់អំពីបញ្ហារបស់អ្នកទៅកាន់មិត្តភ័ក្តិជិតស្និទ្ធ ឬមនុស្សជាទីស្រឡាញ់ ហើយសួរគេអំពីដំណោះស្រាយ។ ជាការពិត នៅពេលដែលអ្នកនិយាយអំពីបញ្ហារបស់អ្នកចេញមក អ្នកនឹងមានអារម្មណ៍ធូរស្រាល ហើយអាចគេងបានលក់ស្រួល។ តែបើអ្នកមិនអាចរកនរណាម្នាក់ដើម្បីនិយាយប្រាប់ទេ អ្នកអាចរក ទិញសៀវភៅលើកទឹកចិត្ត ឬក៏កត់ត្រាទុកនូវបញ្ហាដែលអ្នកបានជួបនៅក្នុងសៀវភៅ។

៣. បន្លប់ខួរក្បាលរបស់អ្នក៖
វិធីនេះមានន័យថាអ្នកត្រូវចេះបោកបញ្ឆោទខួរក្បាលរបស់អ្នក ហើយទាញវាទៅកន្លែងផ្សេងវិញ។ បើខួរក្បាលរបស់អ្នកចាប់ផ្តើមគិតអវិជ្ជមាន អ្នកត្រូវតែព្យាយាមទាញវាឲ្យគិតរឿងវិជ្ជមានវិញ ដូចជាការគិតអំពីក្តីស្រមៃរបស់អ្នកទៅថ្ងៃអនាគត ឬភាពជោគជ័យ និងភាពសប្បាយរីករាយកាលពីអតីតកាលរបស់អ្នកជាដើម។

៤. ធ្វើសកម្មភាពរាងកាយឲ្យបានច្រើន៖
វិធីសាស្ត្រចុងក្រោយនេះគឺជាវិធីសាស្ត្រដ៏ល្អបំផុតមួយ ដែលអាចជួយឲ្យអ្នកគេចផុតពីការគិតច្រើនបាន។ អ្នកអាចធ្វើលំហាត់ប្រាណ បោកខោអាវ បាញ់ទឹកផ្កា ឬ លាងចានឆ្នាំងជាដើម ពីព្រោះនៅពេលដែលអ្នកបញ្ចេញថាមពលកាន់តែច្រើន អ្នកនឹងកាន់តែអស់កម្លាំង នឿយហត់ ហើយរាងកាយរបស់អ្នកក៏មិនមានថាមពលអ្វីធ្វើឲ្យខួរក្បាលរបស់អ្នកគិតច្រើននោះដែរ។

និយាយរួមមក ការគិតច្រើនគឺជាបញ្ហាមួយដែលយើងត្រូវតែដោះស្រាយ ហើយវិធីសាស្ត្រទាំងបួនខាងលើគឺពិតជាល្អសម្រាប់អ្នកដែលមានបញ្ហានេះ៕

មតិយោបល់