ព័ត៌មានជាតិ

ស៊ុយអែតថា ខ្លួនទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិក បើដាក់ពាក្យសុំចូល NATO

(ស្ដុកខុល)៖ ប្រទេសស៊ុយអែត នឹងទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិក នៅក្នុងករណីប្រគល់ ឬដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការ NATO ជាផ្លូវការ ចំពោះមុខការព្រមានចាត់វិធានការឆ្លើយតបពីសំណាក់រុស្ស៉ី។

ការកត់សម្គាល់ខាងលើរបស់រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី អាន លីនដ៍ (Ann Linde) ធ្វើឡើងប្រាប់ទូរទស្សន៍ស៊ុយអែតចេញពីទីក្រុង វ៉ាស៊ីនតោន បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីខិន (Antony Blinken)។ លោកស្រី លីនដ៍ បានបញ្ជាក់ ដូច្នេះថា «ជាការពិតណាស់, ខ្ញុំមិនទាន់អាចបញ្ជាក់អ្វីលម្អិតនោះទេ, ប៉ុន្តែខ្ញុំជឿថាក្នុងពេលនេះយើងមានការធានាមួយពីសហរដ្ឋអាមេរិក។ តែទោះជាបែបនេះក្ដី វាមិនមែនជាការធានាសន្តិសុខដ៏រឹងមាំមួយឡើយ ពីព្រោះថាអ្នកនឹងអាចទទួលបានការធានាបែបនេះ នៅពេលដែលអ្នកក្លាយជា សមាជិក NATO ពេញលេញ»។

លោកស្រី Ann Linde មិនបានបញ្ជាក់ថាតើអ្វីទៅជាការធានាសន្តិសុខពីសហរដ្ឋអាមេរិកនោះទេ ដោយគ្រាន់តែបង្ហើបថាប្រសិនបើ រុស្ស៉ី ធ្វើសកម្មភាពអវិជ្ជមានប្រឆាំងនឹងស៊ុយអែត នោះសហរដ្ឋអាមេរិកនឹងមិនឈរនៅស្ងៀម ឬអោបដៃមើលដោយមិនមានចំណាត់ការឆ្លើយតប នោះទេ៕

ប្រភព៖​ Reuters

មតិយោបល់