(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការធ្វើអន្តរាគមន៍យោធានៅអ៊ុយក្រែន គឺជារឿងចាំបាច់ត្រូវតែធ្វើ ដោយសារតែបណ្ដាប្រទេស លោកខាងលិចបានបង្កការគំរាមកំហែងដល់តំបន់ព្រំដែន និងត្រៀមខ្លួនឈ្លានពានរុស្ស៉ី។
លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយនៅឯពិធីប្រារព្ធខួបលើកទី៧៧ នៃទិវាជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ នៅឯទីលានក្រហម ក្នុងទីក្រុងមូស្គូ លោក ពូទីន នៅថ្ងៃចន្ទនេះ។ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «បណ្ដាប្រទេស NATO មិនចង់ស្ដាប់ពួកយើងឡើយ ហើយនេះមានន័យថាជាការពិតណាស់ ពួកគេមានផែនការផ្សេងជាច្រើន ក្នុងនោះរួមមានទាំងការរៀបចំជាច្រើន ដែលកំពុងធ្វើឡើងក្នុងតំបន់ដុនបាស់ និងការឈ្លានពានទឹកដីជាប្រវតិ្តសាស្ត្ររបស់ពួកយើង ដូចជាគ្រីមៀ ជាដើម»។
លោកបន្តទៀតថា «នៅក្នុងទីក្រុងកៀវ, ពួកគេបានប្រកាសពីលទ្ធភាពនៃការទទួលបានអាវុធនុយក្លេអ៊ែរ រីឯប្លុក NATO បានចាប់ផ្ដើមធ្វើសកម្មភាពយោធាគ្រប់គ្រង ទឹកដីដែលនៅជិតព្រំដែនរបស់ពួកយើង…ដែលនេះជាទង្វើមិនអាចទទួលយកបាន ហើយរុស្ស៉ីចាំបាច់ត្រូវធ្វើការសម្រេចចិត្តដោយឯករាជ្យ និងទាំងបង្ខំ ដើម្បីរារាំង ពួកឈ្លានពាន»៕
ប្រភព៖ Reuters
មតិយោបល់