(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា កងកម្លាំងរបស់ខ្លួនប្រហែលជានឹងត្រូវដកថយចេញពីមូលដ្ឋានតស៊ូចុងក្រោយ នៅក្នុងតំបន់លូហាន (Luhansk) ដើម្បីចៀសវាងការឡោមព័ទ្ធ ឬក្លាយជាឈ្លើយសឹក ខណៈកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុកកាន់តែរុលទៅមុខ នៅក្នុងតំបន់ដុនបាស់។
ការដកថយនេះ អាចនាំឲ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ខិតកាន់តែជិតទៅដល់គោលដៅក្នុងការដណ្តើមយកតំបន់លូហាន និងដូណេត ដែលស្ថិតនៅ ភាគខាងកើតរបស់អ៊ុយក្រែនយ៉ាងពេញលេញ នៅក្នុងបរិបទដែលកងទ័ពរុស្ស៉ី បានកាន់កាប់ទីតាំងសំខាន់ៗមួយចំនួននៃតំបន់ទាំងពីរនេះ។ បើតាមអភិបាល តំបន់លូហាន់នៃភាគីអ៊ុយក្រែន លោក សឺហ៊ៀ ហ្គៃដៃ (Serhiy Gaidai) កងទ័ពរុស្ស៊ីបានចូលទៅដល់ទីក្រុង សៀវីយ៉េរ៉ូដូណេត (Sievierodonetsk) ជាទីក្រុង ធំបំផុត ក្នុងតំបន់ដុនបាស់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។
៩០ភាគរយនៃអគារនៅក្នុងទីក្រុងនេះ បានរងការខូចខាត ប៉ុន្តែលោក ហ្គៃដៃ បានកត់សម្គាល់ថា រុស្ស៊ីនឹងមិនអាចដណ្ដើមយកតំបន់លូហាន ទាំងមូលបាន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខដូចអ្នកវិភាគខ្លះបានព្យាករនោះទេ។ «យើងនៅតែមានកម្លាំង និងធនធានគ្រប់គ្រាន់ដើម្បីការពារខ្លួន តែទោះយ៉ាងណាក៏ដោយ វាអាចទៅរួចដែរ ដែលថាដើម្បីកុំឱ្យមានការឡោមព័ទ្ធ យើងនឹងត្រូវដកថយ»។ នេះជាការបញ្ជាក់របស់លោក ហ្គៃដៃ។
ប្រភព៖ Reuters
មតិយោបល់