ព័ត៌មានជាតិ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ប្រាប់ចិនពីកង្វល់ ជុំវិញបញ្ហាកូរ៉េខាងជើង

(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានលើកឡើងពីកង្វល់ជាមួយមន្រ្តីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) ជុំវិញការបោះឆ្នោតវេតូរបស់ទីក្រុងប៉េកាំង នៅក្នុងអង្គការសហប្រជាជាតិលើដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមប្រឆាំងកូរ៉េខាងជើង ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានក្នុងកំលុងការធ្វើបទបង្ហាញខ្លីមួយពីកិច្ចប្រជុំរយ:ពេល ៤ម៉ោងកន្លះ រវាងលោក Sullivan និងលោក Yang ក្នុងប្រទេសលុចហ្សំបួរ (Luxembourg) កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះថា សហរដ្ឋអាមេរិកជឿថាទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន អាចសហការគ្នាដោះស្រាយបញ្ហាកូរ៉េខាងជើង។

មន្ត្រីរូបនេះបានលើកឡើងថា «លោក Sullivan បានលើកឡើងពីការព្រួយបារម្ភ ជាពិសេសអំពីសិទ្ធិបោះឆ្នោតវេតូ ដែលកើតឡើងបន្ទាប់ពី ការបាញ់សាកល្បងមីស៉ីលផ្លោងជាបន្តបន្ទាប់ ដែលរំលោភលើដំណោះស្រាយមុនៗរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការត្រៀមលក្ខណ: សម្រាប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរដែលអាចកើតមានឡើងគ្រប់ពេលវេលា»។

មន្ត្រីដដែលបានបន្ថែមថា «ភាគីនីមួយៗមានគោលជំហររៀងៗខ្លួនរបស់ពួកគេ ហើយតាមរយ:ស្ថានភាពដែលយើងមើលឃើញ វាប្រាកដណាស់ថា លោក Sullivan បានបញ្ជាក់យ៉ាងច្បាស់ថា យើងជឿជាក់ថានេះគឺជាអ្វីដែលសហរដ្ឋអាមេរិក និងចិនគួរតែអាចធ្វើការជាមួយគ្នា»៕

ប្រភព៖ Reuters

មតិយោបល់