កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញថា ក្រុមជនខិលខូចកំពុងតែព្យាយាមដំឡើងកម្មវិធីជំរិតទារប្រាក់ LockBit តាមរយៈអុីមែលដោយធ្វើការចោទប្រកាន់អ្នកប្រើប្រាស់ទាក់ទងទៅនឹងការបំពានរក្សាសិទ្ធិ។
អ្នកប្រើប្រាស់ដែលទទួលបានអុីមែលទាំងនេះត្រូវបានព្រមានអំពី ការបំពានច្បាប់រក្សាសិទ្ធិ ដោយចោទប្រកាន់ថា បានប្រើឯកសារដោយគ្មានអាជ្ញាប័ណ្ណពីអ្នកបង្កើត។ អុីមែលទាំងនេះទាមទារឱ្យអ្នកទទួលលុបខ្លឹមសាររំលោភបំពានចេញពីកុំព្យូទ័រ ឬគេហទំព័ររបស់ពួកគេ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខនឹងផ្លូវច្បាប់។
នៅក្នុងខ្លឹមសាររបស់អុីមែលជនខិលខូចមិនបានកំណត់ថា ឯកសារណាត្រូវបានប្រើប្រាស់ដោយខុសច្បាប់នោះទេ ហើយទាមទារឱ្យអ្នកទទួល ទាញយកនិងបើកឯកសារដែលបានភ្ជាប់ដើម្បីមើលខ្លឹមសារនៃការរំលោភបំពាន។ ឯកសារភ្ជាប់គឺជា ឯកសារហ្ស៊ីបដែលការពារដោយពាក្យសម្ងាត់ ហើយក្នុងនោះក៏មានឯកសារ PDF ក្លែងក្លាយ ដែលមានកម្មវិធីដំឡើង NSIS ផងដែរ។ ហេតុផលដែរជនខិលខូចទាមទារឱ្យជនរងគ្រោះប្រើលេខសម្ងាត់ដើម្បីបើកឯកសារនោះ គឺដើម្បីជៀសវាងពីប្រព័ន្ធការពារមេរោគរបស់កម្មវិធីអុីមែល។
ប្រសិនបើជនរងគ្រោះបើកឯកសារ “PDF” ដើម្បីមើលរូបភាពដែលត្រូវបានប្រើដោយខុសច្បាប់នោះ កម្មវិធីមេរោគនិងធ្វើការអុីនគ្រីបឧបករណ៍របស់ជនរងគ្រោះជាមួយនឹងកម្មវិធីជំរិតទារប្រាក់ LockBit 2.0។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាអ្នកប្រើប្រាស់គួរតែជៀសវាងបើកឯកសារដែលបានផ្ញើតាមរយៈអុីមែល សារ SMS ឬប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមណាមួយដែលមិនមានប្រភពច្បាស់លាស់៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
មតិយោបល់