ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលម៉ូតូម្ខាងបើកឆ្លងផ្លូវ ចំណែកម្ខាងទៀតបើកផ្លូវត្រង់ បណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹង រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ រីឯម៉ូតូរងការខូចខាតទាំងសងខាង ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់ បើកបរម៉ូតូម៉ាកឌ្រីមសង់ មួយគ្រឿង ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IV-3583 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ បណ្តាលឲ្យបុកជាមួយម៉ូតូហុងដាឃ្លិច ដែលពាក់ស្លាកលេខ ភ្នំពេញ 1JK-2162 ដែលបើកបរដោយបុរសម្នាក់ដូចគ្នា ក្នុងទិសដៅឆ្លងផ្លូវពីត្បូងទៅជើង យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសទាំងសងខាងធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកម៉ូតូខូចខាតទាំងសងខាងដូចគ្នា ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងរួច យកសម្ភារៈទាំង២ទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ រួចប្រគល់ជូនម្ចាស់វិញ ៕
មតិយោបល់