ព័ត៌មានជាតិ

មេព្រៃស្រុកអូរាំង​​ចាប់រថយន្តឡិចស៊ីសដឹកឈើប្រណីតពេញព្រៀប

មណ្ឌលគិរីៈ រថយន្តលួចលាក់ដឹកឈើជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយមន្ត្រីបរិស្ថានស្រុកអូររាំង បានស្ទាក់ចាប់ជាបន្តបន្ទាប់ ប៉ុន្តែហាក់ដូចក្រុមឈ្មួញទាំងនោះមិនចេះខ្លាចច្បាប់សោះនៅតែបន្តដឹកផ្កើននឹងសមត្ថកិច្ច។ ជាក់ស្ដែងនៅល្ងាចថ្ងៃទី៤ កញ្ញា នេះកម្លាំងជំនាញបរិស្ថានស្រុក ចុះបង្ក្រាបរថយន្តឡិចស៊ីសស៊េរីទំនើបមួយគ្រឿង ផ្ទុកឈើប្រណីត នៅ ចំណុចក្រោយផ្ទះប្រជាពលរដ្ឋ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោក ហាន សា ខន អនុប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ដោយមានការសហការជាមួយនគរបាលសេដ្ឋកិច្ច កម្លាំងអធិការដ្ឋាននគរបាល ស្រុកអូររាំងផងដែរ។

លោក ហាន សា ខន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយទទួលបាន សេចក្តីរាយការណ៍ថា មានរថយន្តម៉ាក RX400 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AB-4369 ផ្ទុកឈើ ប្រភេទធ្នង់ចំនួន១៤ដុំ បើកមកលាក់ទុកនៅក្រោយផ្ទះប្រជាពលរដ្ឋរង់ចាំឱកាសល្អ បើកចេញទៅឲ្យពួកឈ្មួញនៅតាមបន្ទាត់ព្រំដែននៃស្រុកកែវសីមា ទើបកម្លាំងរបស់លោកចុះបង្ក្រាបទាន់ពេលវេលា។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ហើយកាលពីមួយថ្ងៃមុន កម្លាំងរបស់លោក ក៏បានស្ទាក់ចាប់រថយន្តឡង់គ្រីស័រកែឆ្នៃមួយគ្រឿងផងដែរ។

បើតាមសម្ដីរបស់ក្រុមឈ្មួញបានលួចបង្ហើបឲ្យដឹងថា រថយន្ដខាងលើនេះ ត្រូវបានគេស្គាល់ ម្ចាស់ឈ្មោះ ប្រុស ជាមន្ត្រីប៉េអឹមមកពីភ្នំពេញ ដែលមានឥទ្ធិពលម្នាក់មករកស៊ីនៅចំណុចច្រក អណ្ដូងក្រនេះ ជាយូរខែមកហើយ ។ ហើយ ចំពោះមូលហេតុឈានដល់ការបង្ក្រាបខាងលើ គឺ មកពីមេឈ្មួញនោះបានប្រើតួនាទី និងអំណាចរបស់ខ្លួនមិនបង់លុយក្បាលឡានឲ្យ។

បច្ចុប្បន្នរថយន្ត និងឈើប្រណីត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បី ចាត់ការទៅតាមនីតិវិធី៕

រថយន្តឡិចស៊ីសដឹកឈើ (1)រថយន្តឡិចស៊ីសដឹកឈើ (2)រថយន្តឡិចស៊ីសដឹកឈើ (3)រថយន្តឡិចស៊ីសដឹកឈើ (4)រថយន្តឡិចស៊ីសដឹកឈើ (5)

មតិយោបល់