Post News Media ព័ត៌មានជាតិ អនិច្ចាគ្រួសា...

អនិច្ចាគ្រួសារលោក ជា ទ្រេ! កូនស្រីពិការហើយ បេះដូងប្រហោងទៀត

កំពត: នៅពេលព្រះសូរិយាចាប់ផ្តើមទោទន់រៀបនឹងអស្តង្គត ពពកខ្មៅដុំៗ លាយឡំនឹងព្រះពាយ ក៏បានចាប់ផ្តើមបោកបក់ឆក់នាំព្រះភិរុណមកជាមួយ ពេលនោះហើយខ្ទមកម្សត់ប្រក់ស័ង្កសីក៏បានលាន់ឮ ដូចជាបទភ្លេងកំពុងប្រគុំរណ្ដំ។

នៅពេលពន្លឺព្រៀកៗបានចាំងជះម្តងៗ កែវភ្នែកទាំងគូបុរសវ័យចំណាស់ម្នាក់ ក៏បានសម្លឹងទៅកាន់ព្រះភិរុណរាប់លាន់តំណក់ដែលកំពុងបង្អុរចុះមក គ្រានោះបុរសវ័យចំណាស់បានបន្លឺសំឡេងតិចៗថា «ឱវាសនាខ្ញុំអើយ តើថ្ងៃណាទៅ នឹងជួបភព្វសំណាង បើមួយគ្រួសារពិការស្ទើរទាំងអស់ហើយនោះ ណាមួយខ្លួនឯងក៏ពិការកូនស្រី៣នាក់ ក៏ពិការទៀត! ឱព្រហ្មលិខិតអើយ ម្តេចឡើយដាក់ទារុណកម្មគ្រួសារខ្ញុំម្ល៉េះ»

មួយរយ:ក្រោយមកវាសនាគ្រួសារជនពិការរូបនេះ ក៏មានសង្ឃឹមឡើងវិញ។ មានសង្ឃឹមក៏ព្រោះតែមានសប្បុរសជនមួយចំនួនបាននាំយកថវិកា និងសម្ភារ:មួយចំនួនទៅចែកជូនគ្រួសារមួយនេះ ដែលស្ថិតនៅភូមិព្រៃស្រឡៅ ឃុំព្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត មានចម្ងាយជិត១០គីឡូមែត្រ ពីផ្លូវជាតិលេខ៣។ បុរសវ័យ៤៥ឆ្នាំម្នាក់ ឈ្មោះ ជា ទ្រេ ប្រពន្ធឈ្មោះ ង៉ុយ ស្រី វ័យ៤៩ឆ្នាំ បានពោលថា គ្រួសាររបស់គាត់មានសមាជិក៨នាក់ ស្លាប់ម្នាក់ នៅសល់៧នាក់ ដោយ៥នាក់ សុទ្ធសឹងជាកូនស្រី ក្នុងនោះពិការ៤នាក់ រួមទាំងរូបលោកម្នាក់ផង។

គ្រួសារលោក ជា ទ្រេ ពិការរាងកាយក៏ពិតមែន ប៉ុន្តែមិនពិការចិត្តនោះទេ ដោយសារតែលោកខិតខំគ្រប់បែបយ៉ាងដើរតួជាមេគ្រួសារដ៏ល្អ ដោយទៅនេសាទយកប្រាក់កម្រៃមកចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់កូនរៀនសូត្រដូចជាគេឯងដែរ។ ប៉ុន្តែជីវភាពរបស់គាត់នៅពិបាកបន្តិច ដោយសារតែកូនស្រីរបស់គាត់ពិការដៃ ហើយបេះដូងប្រហោងទៀត។

ក្រៅពីអ្នកភូមិព្រៃស្រឡៅជាច្រើននាក់ បានសម្ដែងក្ដីក្តុកក្តួល និងអាណិតអាសូរគ្រួសារលោក ជា ទ្រេ ដោយពួកគាត់ស្នើសំឲ្យសប្បុរសជនជួយគ្រួសារមួយនេះ។ រីឯអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានវិញ ក៏បានធ្វើការអំពាវនាវផងដែរ ដល់សប្បុរជនជួយដល់ក្រុមគ្រួសារពិការ បន្ទាប់ពីមើលឃើញពីភាពលំបាករបស់លោក ជា ទ្រេ ជាមេគ្រួសារ។

ក្រៅពីសប្បុរសជននាំយកថវិកា និងសម្ភារ:ទៅប្រគល់ជូនគ្រួសារលោក ជា ទ្រេ ក្រុមការងារសារព័ត៌មាន Post News កាលពីចុងសប្តាហ៍កន្លងទៅ ក៏បាននាំយកថវិកាទៅប្រគល់ជូន និងចែករំលែកជីវភាពសម្រាប់គ្រួសារលោក ជា ទ្រេ ផងដែរ៕

Disable family_05-09-16 (2)

Disable family_05-09-16 (3)

Disable family_05-09-16 (5)

Disable family_05-09-16 (1)

Disable family_05-09-16 (4)

Disable family_05-09-16 (6)

Disable family_05-09-16 (8)