ភ្នំពេញៈ តាមរយៈការផ្លាស់ប្តូការ គ្រប់គ្រងរបស់រាជរដ្ឋាភិបាល និងផ្លាស់ប្តូរមុខរបររបស់ប្រជាជន នៅតាមសហគមន៍ ពីការកាប់ឈើ ការបរបាញ់សត្វ និងការរុករកអនុផលព្រៃឈើ យកមកចិញ្ចឹមជីវិត ទៅជាការការពារ ការថែរក្សា ការអភិរក្ស និងរកប្រាក់កំរ៉ៃបានពី វិស័យទេសចរណ៍ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន នៅថ្ងៃទី៥ ខែកញ្ញានេះ បានចាប់ដៃបង្ហាញពីការងាររួមគ្នា មួយក្នុងការធ្វើការអភិវឌ្ឍ អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ ឲ្យក្លាយជា ផលិតផលទេសចរណ៍មួយ មានភាពទាក់ទាញច្នៃប្រឌិត និងប្រកបដោយនិវានុវត្តភាព ពិសេសជំរុញ ការអភិវឌ្ឍប្រកបដោយការ ប្រុងប្រយ័ត្ន ទទួលខុសត្រូវសំដៅធានា នូវតុល្យភាព និងនិរន្តរភាព នៃកិច្ចអភិរក្ស និងការពារធនធានធម្មជាតិ និងបរិស្ថាន ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា “ការអភិវឌ្ឍ និងអភិរក្សសហគមន៍ ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ ក្លាយជាផលិតផលទេសចរណ៍ ចូលរួមដល់ការធ្វើឲ្យកម្ពុជា ក្លាយជាតំបន់ ដ៏ទាក់ទាញឈានមុខគេ ក្នុងការអភិវឌ្ឍវិស័យអេកូ-ទេសចរណ៍ សហគមន៍ទេសចរណ៍ ដើម្បីប្រយោជន៍ សម្រាប់ការទ្រទ្រង់ដល់ កិច្ចអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋមូលដ្ឋាន និងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា” ។
លោករដ្ឋមន្រ្តីបន្តថា កម្ពុជា បច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ឋាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យក្នុងនោះវិស័យទេសចរណ៍ មានការីកចំរើនគួរជាទីមោទនៈ វិស័យទេសចរណ៍កម្ពុជា ត្រូវបានចាត់ទុកជាវិស័យ អាទិភាពមួយដើរតួជា “មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការ កសាងសេដ្ឋកិច្ចបៃតង នៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការ សម្រេចបាននូវគោលដៅអភិវឌ្ឍសហសវត្សន៍ (SDGs) ក្រោយឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិ (UN) ។
លោករដ្ឋមន្រ្តីទេសចរណ៍បញ្ជាក់ថា កម្ពុជា មានអំណាយផលខាងសក្តានុពលធម្មជាតិ ដ៏សំបូរបែបនៅតំបន់ ឆ្នេរសមុទ្រ កម្ពុជា ដែលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក តំបន់ជួរភ្នំក្រវ៉ាញ តំបន់បឹងទន្លេសាប និងតំបន់ភូមិភាគឥសាន្ត ដែលមានសត្វផ្សោត មេគង្គដ៏កំរ វិស័យអេកូទេសចរណ៍ នៅកម្ពុជា គឺជាទីផ្សារថ្មី មួយដែលកំពុងតែងើបឡើង ស្របនឹងនិន្នាការអេកូទេសចរណ៍ នៅលើពិភពលោក ។ បើតាមការព្យាករណ៍ របស់អង្គការ ទេសចរណ៍ពិភពលោក (UNWTO) មានការកើនឡើង ជាលំដាប់ប្រមាណជា២០% រៀងរាល់ឆ្នាំ ខណៈពេលដែលទេសចរណ៍ វប្បធម៌មានកំណើនតែ៦% ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍ក្រោមកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេស ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជាតិ-អន្តរជាតិនានា បានរៀបចំ ឲ្យមាននូវសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន ៥៦កន្លែង ដែលស្ថិតនៅក្នុងខេត្តចំនួន១៦ ដែលក្នុងនោះសហគមន៍ទេសចរណ៍ បែបធម្មជាតិចំនួន២៤ បែបអេកូទេសចរណ៍ចំនួន ២៦ និងបែបវប្បធម៌ចំនួន២ បែបវប្បធម៌-ធម្មជាតិចំនួន ២ បែបវប្បធម៌-ប្រវត្តិសាស្ត្រ ចំនួន១ និងបែបកែច្នៃចំនួន១ ៕
មតិយោបល់