ភ្នំពេញ: នៅវេលាម៉ោង ៨ និង ០០នាទីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ មានករណីគាំងបេះដូងស្លាប់ នៅចំណុចក្នុងបន្ទប់ផ្ទះជួលលេខ B៦២ អាគារB ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហៃ ឈាងលេន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ចាបហួយ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រែកទក ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងអ្នកជិតខាងមានគ្នា ៥ទៅ៦នាក់ បានផឹកស៊ីជាមួយគ្នា ផឹកផងលក់ផង កាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ចាប់ពីម៉ោងប្រហែល ០២ និង០០នាទីរសៀល រហូតមកដល់ម៉ោងប្រហែល ០៧និង ០០នាទីយប់ ក៏បំបែកគ្នាហើយបិទទ្វារបន្ទប់ដេករៀងៗខ្លួន។
លុះព្រឹកឡើងថ្ងៃ១០ ខែមិនា ឆ្នាំ២០១៩ ម៉ោងប្រហែល ០៨និង០០នាទីព្រឹក អ្នកបន្ទប់នៅក្បែរមិនឃើញបើកទ្វារបន្ទប់លក់ដូរដូចសព្វដង ក៏ឆ្ងល់រួចគោះទ្វារបន្ទប់ស្ងាត់ឈឹង ស្រែកហៅមិនឮឆ្លើយ មានការសង្ស័យ ក៏នាំគ្នាគាស់ទ្វារបន្ទប់មើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់តែម្ដង។
រួចអ្នកជិតខាងបានរាយការណ៍ជូនសមត្ថកិច្ច ហើយពេលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ទើបដឹងថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការប្រគល់សព ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់