ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ចង់បង្ហាញទៅកាន់ពិភពលោកថា យុវជនកម្ពុជា ពិតជាមានសមត្ថភាពអាចចូលរួមក្នុងកិច្ចការសង្គមបានទាំងអស់ ទាំងក្នុងកម្រិតជាតិ តំបន់ និងនៅលើឆាកអន្តរជាតិ ដូចយុវជននៃបណ្តាប្រទេសជឿនលឿននៅលើពិភពលោកដែរ។
តាមរយៈក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ កាលពីរសៀលថ្ងៃទី០៥ខែកញ្ញានេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឲ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ឆ្នាំ២០១៦ ចំនួន២៩រូប ចូលជួបសំណេះសំណាលសម្តែងការគួសម និងសុំអនុសាសន៍មុនពេលធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ។
លោករដ្ឋមន្រ្តីបានបង្ហាញពីការកត់សម្គាស់ថា យុវជននាពេលបច្ចុប្បន្ននេះ មានភាពក្លាហាន មានចំណេះដឹងខ្ពង់ខ្ពស់ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមធ្វើកិច្ចការសង្គមបានទាំងអស់ ។ ពិសេសតាមរយៈកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ដែលរាល់លើកពួកគេតែងតែបានផ្លាស់ប្តូគំនិតយោបល់ ទស្សនផ្សេងៗពីបណ្តាយុវជននៃប្រទេសជាសមាជិក និងនាំនូវបទពិសោធន៍ ទាំងនោះយកមកជួយអភិវឌ្ឍប្រទេសជាតិ។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ គឺជាកម្មវិធីមួយផ្អែកទៅលើស្មារតីនៃការចូលរួមគ្នារវាងសមាជិកអាស៊ានទាំង១០ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយោគយល់គ្នារវាងយុវជនអាស៊ានជប៉ុន ក៏ដូចជាការពង្រីកទស្សនទាន ដោយលើកយកនូវប្រធានបទសំខាន់ៗ មកផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ បច្ចេកទេស បរិស្ថាន និងទេសចរណ៍ ពីគ្នាទៅវិញទៅមក ។
នាឱកាសនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងកោតសរសើរចំពោះការចូលរួមរាល់ការងារសង្គមរបស់ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ ដោយបានចែករំលែកចំណេះដឹង បទពិសោធន៍ដល់យុវជនកម្ពុជា និងយុវជនអាស៊ានជាច្រើនទៀត។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា តាមរយៈកម្មវិធីនេះក៏ចង់បង្ហាញដល់ប្រជាជននិងយុវជនអាស៊ាន ប្រជាជនជប៉ុន និងប្រជាជន យុវជននៅលើពិភពលោកថា យុវជនកម្ពុជាក៏មានសមត្ថភាពអាចចូលរួមគ្រប់កិច្ចការសង្គម ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិផងដែរ៕
មតិយោបល់