ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពសាលាខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ដកហូតទូហ្គេម២ទូ រួមនិងសម្ភារៈមួយចំនួនទៀត ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ៦១៦ ក្រុមទី៥២ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នគរបាលខណ្ឌទួលគោកបញ្ជាក់ថា ការដឹកនាំកម្លាំងចុះបង្ក្រាបខាងលើនេះ គឺធ្វើឡើងដោយមានការចូលរួមសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពសាលាខណ្ឌទួលគោក ចុះទៅធ្វើការបង្ក្រាបជាក់ស្តែងតែម្តង ហើយជាលិទ្ធផលឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ទី១ឈ្មោះ ស៊ឺង សុផល ហៅផល ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ពុងហ្គេម ស្នាក់នៅផ្ទះលេខ៣២៦អឺ២ ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ទី២ឈ្មោះ មុត សុជាតិ ហៅ ជាតិ ភេទស្រី អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ពុងហ្គេម ស្នាក់ផ្ទះគ្មាន ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សី កែវ រាជធានីភ្នំពេញ ។ និងទី៣ឈ្មោះ ម៉ែន បញ្ញា ហៅម៉ូវ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ខណៈពេលដែលពួកគេកំពុងតែធ្វើសកម្មភាពបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី នៅក្នុងទីតាំងខាងលើ ។
ក្នុងនោះដែរ កម្លាំងបានធ្វើការដកហូតបាន ហ្គេមបាញ់ត្រីចំនួន២ទូរ សៀវភៅកត់ពុងចំនួន១ក្បាល , កៅអីជ័រចំនួន៥ , ធុង ទឹកកក ចំនួន១ ,ម៉ាស៊ីនគិតលេខចំនួន១ និងកង្ហារចាប់ ជាប់ជញ្ជាំង ចំនួន៣ ។
ហើយបច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ចំណែកទីតាំង ផ្ទះបើកហ្គេមខាងលើ ត្រូវបានសមត្ថកិច្ចបិទបណ្តោះអាសន្ន៕




មតិយោបល់