បន្ទាយមានជ័យៈ ដើម្បីបង្កា និងជៀសវាងការដាក់លក់សាច់សត្វពិឃាដ ក្រៅទីសត្តឃាត ដែលមិនមានការត្រួតពិនិត្យពីជំនាញ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ មន្ត្រីការិយាល័យបសុពេទ្យ ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យលើទីផ្សារចំនួន៤ផ្សារ ក្នុងក្រុងសិរីសោភ័ណ ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជារៀងរាល់សប្តាហ៍ម្តង រូបលោកតែងដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ការដាក់លក់ សាច់សត្វលើទីផ្សារ ទូទាំងខេត្ត ជាក់ស្តែង នៅសប្តាហ៍នេះ បានចុះលើទីផ្សារចំនួន៤ របស់ក្រុងសិរីសោភ័ណ រួមមានផ្សារ ចំការគរ ផ្សារដើមគរ ផ្សារហ៊ុយឡេង ផ្សារសិរីសោភ័ណ ។
តាមការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណង ធានាឲ្យបាន ការលក់ដូរសាច់សត្វ តាមទីផ្សារ មានការត្រួតពិនិត្យ មានត្រាបោះសម្គាល់ថា សាច់សត្វនោះមានគុណភាពល្អ មិនមានជំងឺឆ្លង និងមិនមានការពិឃាដក្រៅទីសត្តឃាត ។ ជាមួយ និងការចុះពិនិត្យ មន្ត្រីជំនាញ ពុំរកឃើញការដាក់តាំងលក់សាច់សត្វ ដែលខូចគុណភាព ឬក៏ពិឃាដក្រៅទីសត្តឃាតឡើយ ដោយអាជីវករលក់សាច់សត្វ ដែលមានសាច់ជ្រូក ឫសាច់គោ បានយល់ទៅតាមអ្វីដែលមន្ត្រីពេទ្យសត្វធ្លាប់ណែនាំកន្លងមក ។
ទោះបីជាមានការចុះត្រួតពិនិត្យ ជាញឹកញាប់ យ៉ាងណាក៏ដោយ លោក ហ៊ុយ ទូច បានអំពាវនាវដល់ អាជីវករ លក់សាច់សត្វទាំងអស់ មិនត្រូវទិញសាច់សត្វយកមកលក់ ដែលមិនមានការបោះត្រាសម្គាល់ ពីមន្ត្រីពេទ្យសត្វឡើយ ហើយសូមកុំពិឃាដ សត្វក្រៅទីសត្វឃាត់ ដែលមិនមានការត្រួតពិនិត្យ ដែលវាអាចបង្កឲ្យមានជំងឺឆ្លង ពីសត្វមកមនុស្ស ។ ព្រោះថា បច្ចុប្បន្ន មានជំងឺជាច្រើន បានផ្ទុះឡើងលើសត្វ ហើយរាលដាលឆ្លងមកមនុស្ស ដូចជា ជំងឺគ្រុនផ្តាសាយបក្សីជាដើម ៕






មតិយោបល់